ខេត្តកែប៖ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប កាលពីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេ ប្រវែង ៣៦៥ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ដោយមានការអញ្ចើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត តំណាងកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយិកា ទីចាត់ការចំណុះសាលាខេត្ត អាជ្ញាធរក្រុង សង្កាត់ ភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
តាមរបាយការណ៍របស់លោក ខេង យ័ន អភិបាលក្រុងកែប បានឲ្យដឹងថា ក្នុងអាណត្តិទី៣ របស់ក្រុមប្រឹក្សាក្រុង រដ្ឋបាលក្រុង បានកសាងផ្លូវបេតុងអាមេចំនួន៣ ខ្សែប្រវែង ១០២៦ម៉ែត្រ ដែលប្រើបាស់មូលនិធិអភិវឌ្ឍន៍ឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២១ សរុបថវិកាអស់ចំនួន ៤៩៦.៣៣៨.១៤៦រៀល ដើម្បីបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ បានលើកឡើងថា សមិទ្ធផលដែលយើងទទួលបានជាបន្ដបន្ទាប់នេះ កើតឡើង ដោយសារប្រទេសជាតិរបស់យើង នៅតែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យយើងមានឱកាសគ្រប់គ្រាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ក៏ដូចជាសេដ្ឋកិច្ចគ្រួសាររបស់យើងទាំងអស់គ្នា ឱ្យកាន់តែមានជីវភាពធូរធារសម្បូរសប្បាយ។ក្នុងនោះឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ សូមចូលរួមសហការ និងបរិច្ចាគដីចំណីផ្លូវ ដើម្បីឱ្យផ្លូវមានលក្ខណៈធំទូលាយ មានសោភ័ណភាព និងមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ ឯកឧត្ដមបណ្ឌិត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលចូលរួមសហការអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្តិភាពទាំង៧ចំណុច និងត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក អោយបានគ្រប់ៗគ្នា ៕