ខេត្តប៉ៃលិន៖ករណីផ្ទុះអាវុធមួយកន្លែង នៅមាត់ស្ទឹងជិតស្ពានសន្តិភាព ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង១១ និង០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានកម្លាំងនគរបាលស្រុកសាលាក្រៅ ចាប់ឃាត់ខ្លួនជនជាតិថៃចំនួន៦នាក់ និងដកហូតបានអាវុធខ្លី ៣ដើម ។
នគរបាលស្រុកសាលាក្រៅបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានករណីផ្ទុះអាវុធនៅចំណុចខាងលើភ្លាម និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម សេង គឹមឡាក់ ព្រះរាជ អាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន លោកវរសេនីយ៍ទោ មាឃ សារ៉ន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់ សហការជាមួយកម្លាំងផែនព្រហ្មទណ្ឌ និងកម្លាំងផែនសន្តិសុខ នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន បានចុះទៅដល់គោលដៅ បានរកឃើញសំបកគ្រាប់កាំភ្លើងខ្លីចំនួន ១៤គ្រាប់ និងមានថង់ថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣កញ្ចប់តូចៗ ព្រមទាំងឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាបាញ់កាំភ្លើងបានចំនួន ៦នាក់ (ជាជនជាតិថៃ) និងធ្វើការចុះឆែកឆេរចំនួន ២ទីតាំងរួមមាន៖
ទីតាំងទី១–នៅផ្ទះសំណាក់វ៉ាន់ធី ឆែកឆេរមួយបន្ទប់បានរកឃើញកាំភ្លើងចំនួន ១ដើម ម៉ាករឡូនិងគ្រាប់មួយប្រអប់ចំនួន ៤៥ គ្រាប់។
ទីតាំងទី២–នៅបន្ទប់ជួលម្លប់ខ្នុរ ឆែកឆេរមួយបន្ទប់បានរកឃើញកាំភ្លើង ២ដើម។
តាមប្រភពពីមន្ត្រីនគរបាលជំនាញបានបន្តថា កាំភ្លើងទី១ ម៉ាកឡុក មានបង់ចំនួន ៣បង់ បង់ខ្លី ២បង់ និងបង់វែង ១បង់ ដែលមានគ្រាប់ចំនួន ៥១ គ្រាប់។កាំភ្លើងទី២ ម៉ាកគូស៊ីមានបង់១បង់ និងមានគ្រាប់រឡូចំនួន ៣០ គ្រាប់។
មន្ត្រីនគរបាលជំនាញបន្តទៀតថា ជនសង្ស័យទាំង ៦នាក់ (ជាជនជាតិថៃ)
ទី១– ឈ្មោះ EIMRAKSAWONG PURIN ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបបជាបុគ្គលិកកាស៊ីណូហ្គែន ប៉ៃលិន (អ្នកបាញ់ និងជាម្ចាស់អាវុធ)។
ទី២– ឈ្មោះ តា ឆៃ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបបបុគ្គលិក កាស៊ីណូហ្គែន ប៉ៃលិន (អ្នកបាញ់ និងជាម្ចាស់អាវុធ)។
ទី៣– ឈ្មោះ suepsomboat chaninthon ភេទប្រុស អាយុ ១៩ ឆ្នាំ មុខរបបបុគ្គលិកកាស៊ីណូហ្គែន ប៉ៃលិន ។
ទី៤– ឈ្មោះ BUNTHUK THAWATHCHAI ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបបបុគ្គលិកកាស៊ីណូ ហ្គែនប៉ៃលិន។
ទី៥– ឈ្មោះ SITTIPONG VUTHICHAI ភេទ ប្រុស អាយុ ៣២ឆ្នាំ មុខរបបបុគ្គលិកកាស៊ីណូហ្គែន ប៉ៃលិន។
ទី៦– ឈ្មោះ អាត ធិប ភេទ ប្រុស អាយុ ២៣ឆ្នាំ មុខរបបបុគ្គលិកកាស៊ីណូហ្គែនប៉ៃលិន។
កម្លាំងនគរបាលជំនាញនៃអធិការស្រុក សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់
ចុះទៅដល់កន្លែងកើតហេតុ។
ក្រោយពីសមត្តកិច្ចជំនាញបានឃាត់ខ្លួន ជនសង្ស័យខាងលើទាំង៦ នាក់និងវត្តុតាង ត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕