(ខេត្តស្វាយរៀង)៖នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំខេត្តស្វាយរៀងបានរៀបចំពិធី បញ្ចុះបឋមសីលាកសាងអាស្រមបារមីព្រះពោធិព្រឹក្ស ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការរងតំបន់ប្រត្តិការសឹករងស្វាយរៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត អភិបាលក្រុងស្វាយរៀង និងលោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
រដ្ឋបាលខេត្តបញ្ជាក់ថា កន្លងមកពេលមានពិធីបុណ្យជាតិ ឫពិធីសំខាន់ៗផ្សេងៗ ក្នុងខេត្ត ដូចជា បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ (សង្ក្រាន្តស្វាយរៀង) បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ដែលបានប្រព្រឹត្តទៅ នៅលើទឹកដីខេត្តស្វាយរៀងជាដើម ថ្នាក់ដឹកនាំខេត្ត រួមទាំងមន្ត្រីរាជការក្នុងខេត្ត តែងតែអញ្ជើញមកធ្វើពិធីបួងសួង សុំសេចក្ដីសុខចម្រើន សម្រាប់ការរៀបចំពិធីទាំងនេះ មិនតែប៉ុណ្ណោះ បងប្អូនប្រជាពលរដ្ឋ ក៏តែងតែអញ្ជើញ ចូលអុជធូបបួងសួង សុំសេចក្តីសុខសប្បាយ នៅសួនច្បារឯកឧត្ដម ហុក ឡង់ឌី ផងដែរ ៕