(បន្ទាយមានជ័យ)៖មានប្រសាសន៍ក្នុងងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធធ្វើឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ស្ថិតនៅក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តក្រើនរំលឹកដល់អភិបាលខេត្តជុំវិញបឹងទន្លេសាបទាំងអស់ ត្រូវអនុវត្តន៍ឱ្យបានច្បាស់លាស់លើការកាត់ឆ្វៀលដីតំបន់អភិរក្សនៅបឹងទន្លេសាប ជូនប្រជាពលរដ្ឋដែលកាន់កាប់យូរឆ្នាំមកហើយនោះ តាមអ្វីដែលសម្តេចបានដាក់ចេញនូវបទបញ្ជាកន្លងទៅនេះ។ក្នុងនោះសម្តេចតេជោ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋនៅបឹងទន្លេសាប កុំឱ្យមានការកាប់ទន្ទ្រានយកដីអភិរក្សតំបន់២ និង៣បន្តទៀត។
ជាមួយគ្នានោះដែរសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាស និងចេញបទបញ្ជាឱ្យអាជ្ញាធរម៉ីន និងវិស័យឯកជន ក្នុងការដោះម៉ីននៅឃុំប៉ោយចារ និងតំបន់អាងត្រពាំងថ្ម នេះ ដោយត្រូវដោះឱ្យអស់នៅចុងឆ្នាំ២០២២នេះ និងត្រូវប្រែក្លាយតំបន់នេះជាតំបន់ដែលគ្មានម៉ីនតទៅទៀត។
ទន្ទឹមនោះ សម្តេចតេជោ ក៏បានណែនាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យរៀបចំដាក់គម្រោងជួសជុលស្ពានដែលខូចខាតកន្លងមកដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នេះ ក្នុងកញ្ចប់ថវិកាសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទនៅឆ្នាំ២០២៣។ដោយឡែកព័ន្ធទៅនឹងជំងឺកូវីដ–១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ–១៩ ចំនួន៣ករណី។ដូច្នេះសូមអំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តទៀត ហើយសម្តេចតេជោបញ្ជាក់ថា ទោះចាក់ដល់ដូសទី២០ ក៏ដោយក៏រដ្ឋាភិបាលមិនយកលុយពីប្រជាជនខ្លួនដែរ៕