ខេត្តប៉ៃលិន ៖ ក្រោយពីមេឃភ្លៀងធ្លាក់ជាប់ៗ ចាប់តាំងពីយប់ថ្ងៃទី២៦ រហូតដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ ធ្វើឱ្យទឹកហូរពីផ្នែកខាងលើ ធ្លាក់ទៅជន់លិចភូមិនានាជាច្រើនក្នុងឃុំស្ទឹងត្រង់ ខណ:អភិបាលខេត្តប៉ៃលិន ដឹកនាំមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្តចុះពិនិត្យ ដើម្បីត្រៀមជួយសង្គ្រោះ និងផ្តល់អាហារស្បៀងជូនដល់ពួកគាត់ដែលកំពុងតែរងគ្រោះផងដែរ។
ហេតុការណ៍ជំនន់ទឹកភ្លៀងបន្តជន់លិចលង់ភូមិមួយចំនួននៅក្នុងឃុំស្ទឹងត្រង់នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២។
ប្រភពព័ត៌មានពីលោក ជា យ៉ុន មេឃុំស្ទឹងត្រង់ បានឱ្យភ្នាក់ងារយើងដឹងថា ៖ មេឃចាប់ផ្តើមធ្លាក់ភ្លៀងមួយមេយ៉ាងធំចាប់តាំងវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី២៦ ខែតុលា រហូតដល់ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ បង្កឱ្យក្លាយទៅជាជំនន់ទឹកភ្លៀង បន្តជន់លិចលង់នៅក្នុងភូមិមួយចំនួន ដូចជាភូមិផ្ទះស្បូវ ភូមិកូនដំរី ភូមិព្រៃសន្ទះ បណ្តាលឱ្យលិចផ្លូវថ្នល់ និងលិចវត្តផ្ទះស្បូវ លុះដល់ល្ងាចថ្ងៃ ដដែលជំនន់ទឹកភ្លៀងនេះ បានបន្តជន់លិចភូមិអូរដូនតាលើ ភូមិអូរដូនតាក្រោម និងភូមិអន្លង់រក្សា ស្ថិត ក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ លោកមេឃុំបានបន្តទៀតថា ក្រោយពីជំនន់ទឹកភ្លៀង បានបន្តលិចលង់ផ្ទះសម្បែង ក៏បានធ្វើឱ្យលិចដល់ដំណាំអស់ជាច្រើនហិកតា ដូចជា ដំណាំដំឡូងមី ដំ ណាំពោតក្រហម សណ្តែក ត្រប់ ត្រសក់ ម្ទេស ស្ពៃ ជាដើម បណ្តាលឱ្យទទួលរងការខូចខាតយ៉ាងដំណំ ដែលធ្វើឱ្យម្នាក់ៗ មានការបារម្ភពីបញ្ហាជីវភាព។
លោកបញ្ជាក់ថា ទោះបីជាយ៉ាងណា លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងនាមជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រួមជាមួយឯកឧត្តមអ្នកតំណាងរាស្ត្រ បានដឹកនាំក្រុ មការងារអញ្ជើញចុះពិនិត្យមើលស្ថានភាពជំនន់ជាក់ស្តែង ដែលកំពុងតែជន់លិចលង់លំនៅឋាន វត្តអារា ម ដំណាំដាំដុះ ជាហេតុធ្វើឱ្យប្រជាពលរដ្ឋទទួលរងផលប៉ះពាល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយនៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ដដែលនេះ លោកជំទាវ អភិបាលខេត្តប៉ៃលិន នឹងដឹកនាំក្រុមការងារ និងមន្រ្តីរាជការមកពីមន្ទីរជុំវិញខេត្តចុះចែកស្បៀងអា ហារដល់ប្រជាពលរដ្ឋ ដែលកំពុងទទួលរងគ្រោះធម្មជាតិទឹកជំនន់នេះផងដែរ៕