ព័ត៌មានជាតិ

អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ បញ្ជូនខ្លួនជនសង្ស័យជាក្មេងវត្តម្នាក់ទៅសាលាដំបូងខេត្ត​ ពាក់ព័ន្ធករណីលួចទូរស័កព្ទព្រះសង្ឃ​

(បន្ទាយមានជ័យ​)៖​កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថ​ក្រុង ឃាត់ខ្លួនក្មេងវត្តម្នាក់​ ករណីលួចទូរស័ព្ទរបស់ព្រះសង្ឃ​ កាលពីវេលាម៉ោង០០និង៣០នាទីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្នុងវត្តសុវណ្ណបុព្វតា​ (ហៅវត្តខ្លាកូនចាស់)​ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​ តាមពាក្យបណ្តឹងរបស់ព្រះសង្ឃគង់ក្នុងវត្តខាងលេី។

 

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានអាវុធហត្ថក្រុង​ បានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ​ ឆូត ឆុង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត នៅខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅក្នុងវត្ត​ ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

 

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ បន្តទៀតថា​ កាលពីវេលាម៉ោងថ្ងៃ ខែខាងលើមានករណីអំពើលួច(ទូរស័ព្ទ) នៅចំណុចក្នុងវត្តសុវណ្ណបុព្វតា (ហៅវត្តខ្លាកូនចាស់) ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយជនសង្ស័យបានធ្វើសកម្មភាពលួចយកទូរស័ព្ទចំនួន០៤គ្រឿង របស់ព្រះសង្ឃគង់នៅវត្តខាងលេី។

 

ក្រោយពីទទួលបានពាក្យបណ្ណឹងខាងលើរួចមក កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតវត្ថុតាងទូរស័ព្ទចំនួន០៤គ្រឿង​ រួមមាន​៖​ ១.ទូរស័ព្ទម៉ាកOPPO ពណ៌ក្រហម ចំនួន០២គ្រឿង,​ ២.ទូរស័ព្ទម៉ាកOPPO ពណ៌ខៀវ ចំនួន០១គ្រឿង,៣.ទូរស័ព្ទម៉ាកVIVO ពណ៌ស ចំនួន០១គ្រឿង។ បន្ទាប់មកកម្លាំងអាវុធហត្ថក្រុង​ នាំជនសង្ស័យមកសួរនាំនៅមូលដ្ឋានអាវុធហត្ថក្រុងហើយអនុវត្តតាមនីតិវិធី។

 

ក្រោយឃាត់ខ្លួន​ និងសួរចម្លេីយ​ជនសង្ស័យ​បានសារ​ភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពលួចទូរស័ព្ទរបស់ព្រះសង្ឃពិតប្រាកដមែន។ បន្ទាប់មកជនសង្ស័យត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។

 

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា​ បច្ចុប្បន្ន ជនសង្ស័យ​ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា​ ឆ្នាំ​២០២២​ដើម្បីអនុវត្តតាមនីតិវិធីច្បាប់​។ ចំណែកវត្ថុតាងទូរស័ព្ទ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប្រគល់ជូនព្រះសង្ឃវិញហើយ៕

Leave a Reply

Your email address will not be published.