ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ធំ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋ ដើម្បីទទួលយកសំណើរ សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ

(ខេត្តកំពង់ធំ) ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ នា អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅស្រុកស្ទោង ក្នុងគោលបំណង ដើម្បីទទួលយកសំណើរ សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានា ដែលអ្នកចូលរួមទាំងអស់ ឡើងមានយោបល់ ឬសរសេរដាក់ក្នុងប្រអប់សំបុត្រ ឬសួរផ្ទាល់មាត់ លើបញ្ហាដែលពួកគាត់កំពុងជួបការលំបាក និងពង្រឹងយន្តការ បង្កើនប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ជាមួយប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលការណ៏នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។

 

ឯកឧត្តម ឈុន ឈន់ ថ្លែងថា អង្គវេទិកានេះ បានបង្ហាញនូវតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលព្រមទាំងសមិទ្ធិផលសំខាន់ៗ ដែលរដ្ឋបាលខេត្តបានអនុវត្តក្នុងបណ្តាឆ្នាំកន្លងមក ជាមួយនិងម្ចាស់ឆ្នោត ជាពិសេសប្រជាពលរដ្ឋនៅតាមក្រុងស្រុក និងឃុំសង្កាត់។ ឯកឧត្តម ប្រធាន បន្តទៀតថា សូមអ្នកចូលរួមទាំងអស់ លើកសំណួរ សំណើរ និងសំណូមពរ ឲ្យចំគោលដៅ ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធ ឆ្លើយបំភ្លឺ ជូនបងប្អូនប្រជាពលរដ្ឋ។ ចំពោះសំណួរ និងសំណូមពរដែលនៅសល់ ក្រុមប្រឹក្សា នឹងយកទៅពិភាក្សាដោះស្រាយជាមួយជំនាញពាក់ព័ន្ធនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តបន្តទៀត។

 

ទន្ទឹមនឹងនោះ ឯកឧត្តម ងួន រតនៈ ថ្លែងថា នៅក្នុងវេទិកានេះ យើងបានដោះស្រាយអ្វីដែលជាតម្រូវការរបស់បងប្អូន ជាពិសេសត្រូវគិតអំពីលទ្ធភាពនៃបញ្ហា ក្នុងនោះបញ្ហាគ្រោះទឹកជំនន់ ប្រមុខរាជរដ្ឋាភិបាល បានចំណាយថវិកាជាតិអស់ជាច្រើន ក្នុងការទិញស្បៀង និងសម្ភារៈ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ លិចផ្ទះសម្បែង។ ម្យ៉ាងវិញទៀត ត្រូវស្តារឡើងវិញ ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបានផ្តល់ពូជស្រូវស្រាល ចែកជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់បង្កបង្កើនផលបន្ទាប់ពីទឹកស្រកទៅវិញ៕

Leave a Reply

Your email address will not be published.