(បន្ទាយមានជ័យ )៖ជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត សហការគ្នាធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ ម៉ៅ រក្សា ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធានាគារឯកជន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងឈ្មោះ ហម សំណាង ភេទប្រុស អាយុ២២ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការ មូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា កាលពីវេលាម៉ោង០១និង៥០នាទីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ មានករណីលួចម៉ូតូ នៅចំណុចភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ បង្កឡើងដោយជនសង្ស័យចំនួន០២នាក់១–ឈ្មោះ ចាន់ធី វិសា ហៅ បឹប ភេទប្រុស អាយុ ១៧ឆ្នាំ និង២–ឈ្មោះ កែវ ចាន់ជូ ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ បាននាំគ្នាធ្វើសកម្មភាពលួចយកម៉ូតូម៉ាក ហុងស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A 6872 ចំនួន០១គ្រឿង របស់ដើមបណ្តឹង។ បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូខាងលើបានសម្រេចក្រុមជនសង្ស័យទាំងពីរនាក់ខាងលើបាន ជិះម៉ូតូគេចខ្លួនទៅក្រុងប៉ោយប៉ែត រហូតដល់វេលាម៉ោង០៨យប់ថ្ងៃទី២១ ខែតុលា បានចូលលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត តែត្រូវបានម្ចាស់គេតាមទាន់ ទើបជនសង្ស័យទាំងពីររត់ចោលម៉ូតូខាងលើ។ លុះដល់វេលាម៉ោង១០យប់ ថ្ងៃខែឆ្នាំ ដដែល ជនសង្ស័យទាំងពីរនាក់ បានបន្តធ្វើសកម្មភាពលួចម៉ូតូម៉ាក ហុងដាឌ្រីមពណ៍ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-8683 ចំនួន០១គ្រឿង របស់ជនរងគ្រោះឈ្មោះ ហម សំណាង មានទីលំនៅបច្ចុប្បន្ន ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ដោយពួកគេបានយកជើងធាក់ករម៉ូតូរួច ជិះធ្វើដំណើរមកក្រុងសិរីសោភ័ណ ក៏ត្រូវបានសមត្ថកិច្ចក្រុងសិរីសោភ័ណឃាត់ខ្លួនតែម្តង ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ កម្លាំងអាវុធហត្ថ ដកហូតវត្ថុតាងម៉ូតូ២គ្រឿង ១.ម៉ូតូម៉ាកហុងដា ស៊ូម័រម៉ិច ពណ៌ខ្មៅ លាយក្រហម ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ 1A 6872 ។ ២–ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ពាក់ស្លាកលេខបន្ទាយមានជ័យ 1W 8683 ចំនួន០១គ្រឿង។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យទាំង២នាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកតាមចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ ទាំង២នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២ នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី។ ចំណែកវត្ថុតាងម៉ូតូ ត្រូវបានកម្លាំងអាវុធហត្ថប្រគល់ជូនម្ចាស់ដើមវិញហើយ ៕