ខេត្តសៀមរាប៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋ ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋានចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ប្រមាណ ៣,២០០គ្រួសារបន្ថែមទៀត ។ តំបន់អភិវឌ្ឍន៍ពាក់ស្នែង គឺជាកន្លែងថ្មីមួយទៀតបន្ទាប់ពីតំបន់អភិវឌ្ឍន៍រុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំបង្កើតជាភូមិឋាន និងបែងចែកដីធ្លីជូនប្រជាពលរដ្ឋស្ម័គ្រចិត្តរើចេញពីរមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ តំបន់អភិវឌ្ឍន៍ពាក់ស្នែងនេះមានចម្ងាយប្រមាណជា ២០គីឡូម៉ែត្រ ពីតំបន់អង្គរ។រាជរដ្ឋាភិបាលនឹងកសាងហេដ្ឋារចនាសម្ព័ន្ធនានាមិនខុសពីតំបន់អភិវឌ្ឍន៍រុនតាឯកនោះឡើយ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋចំនួន ៣,២០០គ្រួសារបន្ថែមទៀត ដែលបានស្ម័គ្រចិត្តចាប់ឆ្នោតរុះរើសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ មកកាន់តំបន់ពាក់ស្នែងនេះ។ សម្តេចតេជោមានមានប្រសាសន៍បញ្ជាក់ថា ការចាកចេញពីតំបន់រមណីយដ្ឋានអង្គររបស់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាការសម្រេចចិត្តដ៏ឈ្លាសវៃ និងត្រឹមត្រូវបំផុត ដើម្បីចូលរួមថែរក្សាសម្បត្តិបេតិកភណ្ឌពិភពលោកគឺប្រាសាទអង្គរឲ្យនៅស្ថិតស្ថេរគង់វង្សយូរអង្វែងតទៅមុខទៀត ។ក្នុងនោះសម្តេចតេជោបានមានប្រសាសន៍រំលឹកថា តំបន់ពាក់ស្នែងជាសមរភូមិដ៏ស្រួចស្រាវមួយជាមួយខ្មែរក្រហម ដែលកាលនោះក្រោយកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស មានពលរដ្ឋអូស្ត្រាលី ត្រូវបានខ្មែរក្រហមចាប់ខ្លួន និងសម្លាប់នៅទីនេះផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថាបានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះភូមិឋានថ្មីរបស់ប្រជាពលរដ្ឋ គឺមិនមែនយកពលរដ្ឋមកទុកចោលនោះឡើយ។ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា មានផ្លូវ២ខ្សែកាត់តំបន់ពាក់ស្នែង ត្រូវបានសិក្សាសាងសង់ ក្នុងនោះផ្លូវមួយមានប្រវែងជាង ៥៥គីឡូម៉ែត្រ តម្លៃ ៤៦លានដុល្លារ និងមួយខ្សែទៀតប្រវែង ៤៦គីឡូម៉ែត្រ គ្រោងប្រើថវិកាជាង ៩៤លានដុល្លារ ក៏នឹងត្រូវសាសងនៅតំបន់នេះផងដែរ។ ដូច្នេះ សម្តេចតេជោបានសម្រេចអោយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ពាក់ស្នែងនេះ រួមមានផ្លូវ មន្ទីរពេទ្យ សាលារៀន និងផ្សារផងដែរ៕