កណ្ដាល ៖នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុក លោក–លោកស្រី អភិបាលរងស្រុក បានដឹកនាំមន្រ្តីក្រោមឱវាទ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេប្រវែង ២,០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថិតនៅក្នុងភូមិស្វាយជ្រំ និងភូមិបារាជ ស្រុកខ្សាច់កណ្តាល ឆ្ពោះទៅដល់ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ។
ឯកឧត្តម បានបន្តថា ពេលបច្ចុប្បន្ន ស្រុកខ្សាច់កណ្ដាលមានការអភិវឌ្ឍ និងមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍ ជាច្រើន សម្រាប់បម្រើឱ្យបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនជិតឆ្ងាយ ដើម្បីប្រើប្រាស់ ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនគ្រប់ប្រភេទ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងគិតគូរដល់បងប្អូនប្រជាពលរដ្ឋ ហើយក៏បានបន្ត កសាងផ្លូវគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន ផ្សេងៗទៀត ដើម្បីទុកជាសម្បត្តិសាធារណៈ បម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូន ជាពិសេសបានលើកស្ទួយកម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា។
ជាមួយគ្នានេះ ឯកឧត្តមគណៈអធិបតី ឧកញ៉ា លោកជំទាវ បានឧបត្ថម្ភថវិការជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មេឃុំ ស្មៀនឃុំ យុវជន ស.ស.យ.ក កាយរិទ្ធ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៦៥៤នាក់ ក្នុងម្នាក់ទទួលបានថវិការ ៤ម៉ឺនរៀលផងដែរ៕