ខេត្តកណ្ដាល៖ថ្លែងនៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០២២ ក្រោមប្រធានបទ” ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌ “ ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ តស៊ូយ៉ាងប្ដូរផ្តាច់ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀនឱ្យខាងតែបាន នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល។
ឯកឧត្ដមអភិបាលខេត្ត បន្តថា មន្ទីរ–អង្គភាពទូទាំងខេត្ត និងគណៈកម្មាធិការត្រួត ពិនិត្យគ្រឿងញៀនក្រុង-ស្រុក ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាមន្ទីរនិង អង្គភាពពាក់ព័ន្ធ វិស័យសាសនា វិស័យឯកជន សប្បុរសជន អង្គការ សមាគមជាតិ–អន្តរជាតិជាដៃគូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត សូមបន្តយកចិត្តទុកដាក់ចូលរួម និងគាំទ្រឱ្យកាន់តែសកម្មបន្ថែមទៀត លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកបន្តរក្សា ការពារជីវភាពរស់នៅ ដ៏សុខក្សេមក្សាន្ត របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាការពារសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិយើង។
ជាមួយគ្នានោះដែរឯកឧត្ដមអភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មាតាបិតា អាព្យាបាល សូមចូលរួម និងគាំទ្រដល់ការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដ៏មានសារៈសំខាន់នេះ ព្រោះមានតែប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន មាតាបិតា អាព្យាបាល ដែលយល់ និងដឹងច្បាស់ពីបញ្ហាដែលបាននឹងកំពុងកើតមាននៅក្នុងសហគមន៍ នៅក្នុងមូលដ្ឋាន ក៏ដូចជានៅក្នុងគ្រួសាររបស់ខ្លួន ហើយការចូលរួមរបស់បងប្អូន អាចជួយឱ្យយើងឆ្លើយតប ឬធ្វើអន្តរាគមន៍ ទៅបានរលូន ចំបញ្ហា និងមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនេះ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនក្រុង–ស្រុក ទូទាំងខេត្ត ត្រូវពង្រឹងយន្តការនៅតាមមូលដ្ឋាន ពិសេសភូមិ ឃុំ សង្កាត់ ដែលនៅជិត នៅជាប់ និងធ្វើការជាមួយពួកគាត់រាល់ថ្ងៃ ដោយលើកទឹកចិត្តពួកគាត់ឱ្យចូលរួមអនុវត្ត ពាក្យស្លោក ៣កុំ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង) និង១រាយការណ៍ផងដែរ៕