(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តយុទ្ធនាការប្រចាំគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី–ខេត្ត មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រភេទ ព្រមទាំងស្នងការរាជធានី–ខេត្តទូទាំងប្រទេស ផងដែរ។
គិតចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ការដាក់ចេញផែនការប្រតិបត្តិការ និងយន្តការពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធបានធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំ ធ្វើឱ្យសំណើអន្តរាគមន៍ដល់ជនរងគ្រោះ និងធ្វើឱ្យស្ថានភាពប្រែប្រួលប្រសើរឡើង។
គិតត្រឹមថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា ទទួលបានសំណើដូចជា៖
តាមរយៈបញ្ជីតាមដានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៤២៥សំណើ មានមនុស្សសរុបចំនួន ១,០៦៧នាក់ មាន១៣សញ្ជាតិ។
តាមស្រាវជ្រាវស៊ើបអង្កេតបឋមចំនួន ២៣២សំណើ។ បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាបន្តស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។
ក្នុងនោះសមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន ៥១១នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ផងដែរ។ សម្រាប់ជនសង្ស័យទាំង ៦៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ជនជាតិចិនចំនួន ៥២នាក់, ជនជាតិខ្មែរចំនួន ១៣នាក់ និងជនជាតិវៀតណាមចំនួន ០២នាក់។
សូមបញ្ជាក់ថា ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង បានចេញលិខិតមួយអំពាវនាវដល់សាធារណជនជាតិ–អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ បន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក–ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជានេះ ៕