ខេត្តកណ្តាល៖ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានប្រកាសថា នឹងផ្តល់ផ្លូវបេតុងចំនួន ៥ខ្សែ តាមសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ព្រមទាំងបានសាងសង់លូចំនួន ២ខ្សែទៀតផងដែរ ដែល១ខ្សែមានប្រវែង ១០០០ម៉ែត្រនិង១ខ្សែទៀតប្រវែង ៣០០ម៉ែត្រ ដើម្បីជួយសម្រួលដល់ការរំដោះទឹក បញ្ជៀសពីការជន់លិចផ្លូវ ផលដំណាំ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ។ឯកឧត្តមអភិបាលខេត្តថ្លែងបែនេះក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង នៅភូមិលេខ ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ កាលពីរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ។
ឯកឧត្តមអភិបាលខេត្ត បញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មាន ពីអាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ស្វាយរលំ និងភូមិលេខ១កភ្លាម ឯកឧត្តមបានចាត់ឱ្យលោក ណុប ដារ៉ា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ ស្វាយរលំ និងក្រុមការងារ សហការជាមួយមន្ទីរ–អង្គភាពជំនាញពាក់ព័ន្ធ ចុះមកពិនិត្យស្ថានភាពជាក់ស្តែងដល់ទីតាំង និងធ្វើរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីចាត់វិធានការ រកវិធីដោះស្រាយជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ឱ្យបានទាន់ពេលវេលា។
ឯកឧត្តមបញ្ជាក់ថា ក្រោមការសម្របសម្រួលពីក្រុមការងារ ជាវិធានការទី១ យើងបានស្តារព្រែកស្វាយរលំ ប្រវែងជាង ១០០០ម៉ែត្រ ដើម្បីដោះជំនន់ទឹកភ្លៀងចូលទៅទន្លេបាសាក់ ហើយព្រែកនេះ តាមការគ្រោងត្រូវធ្វើទ្វារទឹក មានសន្ទះទ្វារទឹកសម្រាប់បិទបើក នៅរដូវវស្សា ករណីទឹកទន្លេឡើងខ្ពស់ជាង យើងបិទសន្ទះទ្វារទឹក ពេលទឹកទន្លេស្រុកវិញយើងនឹងបើកទ្វារទឹក ដើម្បីដោះទឹកហូរចូលទន្ល ពិសេសនៅរដូវភ្លៀងធ្លាក់ ដើម្បីដោះជំនន់ទឹកភ្លៀង កុំឱ្យជន់លិចបន្តទៀត ។
រដ្ឋបាលខេត្តកណ្តាលបញ្ជាក់ថា ផ្លូវបេតុង ចំនួន៥ខ្សែ ដែលឯកឧត្តមអភិបាល បានប្រកាសជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់ស្វាយរលំនោះគឺ ខ្សែទី១ មានទទឹង ១២ ម៉ែត្រ បណ្តោយ ៩០០ម៉ែត ខ្សែទី ២ ទទឹង ១២ ម៉ែត្រ បណ្តោយ ៩០០ម៉ែត្រខ្សែទី៣ ទទឹង ១២ម៉ែត្រ បណ្តោយ ៩០០ម៉ែត្រ ខ្សែទី៤ ទទឹង ២០ម៉ែត្រ បណ្តោយ ១០០០ម៉ែត្រ និងខ្សែទី៥ ទទឹង ៥ ម៉ែត្រ បណ្តោយ ៧០០ម៉ែត្រ ហើយផ្លូវបេតុងទាំង៥ខ្សែនេះនឹងដាក់ចូលក្នុងផែនការរបស់ខេត្ត រដ្ឋបាលខេត្តនឹងខិតខំដោះស្រាយធ្វើជូនប្រជាពលរដ្ឋជាបណ្តើៗ ឱ្យបានឆាប់បំផុត ៕