
តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួន ក្រុមសង្ឃក្លែងក្លាយចំនូន១៨នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន
ខេត្តកណ្តាល៖ក្រុមសង្ឃក្លែងក្លាយ ចំនូន១៨នាក់ ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល និងលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ “ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនា គ្មានសិទ្ធប្រើប្រាស់ឯកសារសាធារណៈ ក្លែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” តាមមាត្រា៣៧៧ និងមាត្រា៣៧៨ និងមាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ពាក់ព័ន្ធករណីខាងលើនេះនគរបាលស្រុកអង្គស្នួលបានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា មុនពេលឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយ កម្លាំងប៉ុស្ដិ៍នគរបាលទួលព្រេជ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញមានរថយន្តម៉ាកតូយូតាហាយឡែឌ័រ ឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ស្លាកលេខ ខេមរភូមិន្ទ4 2-0416 មួយគ្រឿង បានដឹកព្រះសង្ឃ ចំនួន០៤អង្គ ហើយចុះបិណ្ឌបាត្រនៅមុខរោងចក្រ តាមបណ្ដោយផ្លូវលេខ៥១ ក៏អញ្ជើញ និមន្តព្រះសង្ឃ ទៅវត្តអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដើម្បីបន្តនីតិវិធី។ក្រោយពីការសួរនាំរួច ទើបជនសង្ស័យ ឈ្មោះ ទូច វិច្ឆិកា សារភាពថាខ្លួន និងបក្ខពួក មិនមែនជាព្រះសង្ឃពិតប្រាកដឡើយ ដោយខ្លួន និងបក្ខពួកបានពាក់ស្បង់ចីវរជាព្រះសង្ឃដើម្បី បិណ្ឌបាត្រយកបច្ច័យ មកដោះស្រាយជីវភាពក្នុងគ្រួសារប៉ុណ្ណោះ ដោយក្រុមបក្ខពួកខ្លួនបានចេញធ្វើសកម្មភាពរយៈពេលជាង១ខែមកហើយ។ ក្រោយពីទទួលបានចម្លើយសារភាពហើយ ចៅអធិការវត្តអង្គពពាយ និងលោកអាចារ្យវត្ត បានផ្សឹកជនសង្ស័យ ជាសង្ឃក្លែងក្លាយចំនួន៥អង្គ ប្រគល់ជូនសមត្ថកិច្ចដើម្បីបន្តនីតិវិធីច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដែលដកហូតបានរួមមាន៖ បាត្រលោកចំនួន០៦ ឆត្រចំនួន០៥ និងថង់យាមចំនួន០៣ កាបូបដាក់ឯកសារចំនួន០១ និងសម្លៀកបំពាក់ស៊ីវិលមួយចំនួនទៀត មេក្រូចំនួន០១ ក្បាលម៉ៃក្រូហ្វូនចំនួន០១ អំភ្លីសម្រាប់ចាក់មេក្រូចំនួន០១ ជើងមេក្រូដែកចំនួន០១ និងអាគុយចំនួន០១ រថយន្តម៉ាកតូយូតាហាយឡែឌ័រ ឆ្នាំ២០០៧ ពណ៌ទឹកមាស ពាក់ស្លាកលេខ ខេមរភូមិន្ទ4 2-0416 និងស្លាកលេខរថយន្ដពីរផ្ទាំង ពណ៌ក្រហម មានសរសេរអក្សរ (វត្ត ជ្រោះព្រះកន្លោង ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ។ទូរស័ព្ទដៃមានចំនួន០៣គ្រឿង ក្នុងនោះមានម៉ាក iPhone ចំនួន០១គ្រឿង ម៉ាកOPPO ចំនួន០១គ្រឿង និងម៉ាកSamsung ចំនួន០១គ្រឿង ។ ប្រាក់រៀល ចំនួនប្រាំពីរម៉ឺនបួនពាន់រៀល (៧៤០០០ រៀល)ផងដែរ៕