ព័ត៌មានជាតិ

ប្រជាពលរដ្ឋ រស់នៅភូមិក្រោលគោ ឃុំសំបួរមាស ទទួលបានវិញ្ញាបន​បត្រសម្គាល់​ម្ចាស់អចល​នវត្ថុ(ប្លង់រឹង) ពីរដ្ឋបាលខេត្ត​កណ្ដាល

ខេត្តកណ្តាល៖ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ០១ភូមិ នៅភូមិក្រោលគោ ឃុំសំបួរមា​ស ស្រុកមុខកំពូល ខេត្តកណ្តាល នៅបរិវេណវត្តសំវរសីតូ(ហៅវត្តជ្រែមួយរយ) នាព្រឹ​កថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាន​លើកឡើង មន្ទីររៀបចំដែនដី នគររូបនីយកម្មសំ​ណង់ និងសុរិយោដីខេត្ត រួមជា​មួយមន្ទីរ​អង្គភាពពាក់ព័ន្ធ និងអាជ្ញា​ធរគ្រប់លំដាប់ថ្នាក់ ត្រូវផ្ដល់​សេវាជូន​ប្រជាពលរដ្ឋប្រក​បដោយប្រ​សិទ្ធភាព ភាពជឿជា​ក់ដែលអាចទទួលយកបាន ពិសេស​ត្រូវខិតខំ​សម្រួលដ​ល់បងប្អូន​ប្រជាព​លរដ្ឋរា​ល់សេវាក្នុងការចេញវិញ្ញាប​នបត្រសម្គាល់ម្ចាស់អចលនវត្ថុ(ប្លង់រឹង) ជូនពួក​គាត់ឱ្យបា​នទាន់ពេលវេលា​ផងដែរ។

 

ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីខេត្ត រួមជា​មួយ​មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់​លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេ​ញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលន​វត្ថុ(ប្លង់រឹង) ដល់បងប្អូនប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភា​ពពាក់​ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដ​ល់បងប្អូនប្រជា​ពលរដ្ឋ​ឱ្យឆាប់ទទួល​បានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវ​បង្កភាព​ស្មុកស្មាញ​ជូនបងប្អូនប្រជាពលរដ្ឋឡើយ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការចែកប័ណ្ណកម្មសិទ្ធជូនប​ងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការ​ឆ្លុះបញ្ចាំ​ងឱ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋម​ន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅ​លើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួម​ចំណែកដល់ ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។ ក្នុងនោះឯកឧត្តមអភិបាលខេត្តកណ្តាល ក៏​បានស្នើដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមឱ្យ​ខិតខំថែរក្សា​សារដីនេះទុកសម្រាប់​បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើង។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្តក​ណ្ដាល បានឱ្យដឹងថា គិតមកដល់ពេលនេះ រដ្ឋបាលខេត្តបា​នធ្វើការចែកប័ណ្ណ​ជូនប្រជាពលរដ្ឋស​រុបចំនួន ១៧២ លើកស្មើ នឹង២៤៤,៦៩៣ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី​១៧៣នៃការចែកវិញ្ញា​បនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្ដល់ ជូនប្រជាពលរដ្ឋមកពីក្នុងភូមិក្រោលគោ ឃុំសំបួរ​មាស ស្រុកមុខកំពូល រុបចំនួន ៤៦៤ប័ណ្ណ ៕

Leave a Reply

Your email address will not be published.