(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង កាលពីវេលាម៉ោង២០និង០០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានចុះប្រតិបត្តិការបង្ក្រាប ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វូន ខុម ភេទប្រុស អាយុ២៦ឆ្នាំ ព្រមទាំងដកហូតវត្ថុតាំងថ្នាំញៀម៉្សៅក្រាមពណ៌សថ្លាចំនួន១កូនថង់កិប ទម្ងន់០,៧៣ក្រាម ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២២ ពាក់ស្លាកលេខ សៀមរាប 2X-6781 និងសម្ភារ:មួយចំនួនទៀត រួចនាំខ្លួនទៅមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា មុនពេលបង្រ្កាបករណីខាងលើនេះ នៅយប់ថ្ងៃទី២៩ ខែកញ្ញា លោកបានដឹកនាំកម្លាំងចុះល្បាតការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន រហូតដល់វេលាម៉ោង២០និង០០នាទី ក៏បានប្រទះឃើញបុរសម្នាក់គួរឱ្យសង្ស័យ ទើបកម្លាំងហៅមកសួរនាំ ហើយធ្វើការឆែកឆេរលើដងខ្លួនរកឃើញគ្រឿងញៀនតែម្ដង ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានប្រាប់ឱ្យដឹងទៀតថា ក្រោយពីកម្លាំងជំនាញសាកសួចម្លើយរួច ជនសង្ស័យ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានទិញគ្រឿងញៀនមកទុកលក់ផង និងប្រើប្រាស់ខ្លួនឯងផង ។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង សិរីសោភ័ណ បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ ២០២២នេះ ដើម្បីចាត់ការបន្តតាមនិតិវិធី៕