រាជធានីភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទីនារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសុខាភ្នំពេញ។
កម្មវិធីពានរង្វាន់សេវាសង្គមសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំឡើងក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តដល់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានខិតខំយកចិត្តទុកដាក់រៀបចំ និងអនុវត្តការងារសេវាសង្គមប្រកបដោយគុណភាព ដើម្បីជួយគាំពារប្រជាជននៅមូលដ្ឋានរបស់ខ្លួន ជាពិសេសជនរងគ្រោះដូចជាស្រ្តី កុមារ ជនចាស់ជរា ជនក្រីក្រ ជនមានពិការភាព និងជនជាតិដើមភាគតិច។
លោកជំទាវ ហ្វរូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វ ប្រចាំកម្ពុជា បានមានប្រសាសន៍ថា អង្គការយូនីសេហ្វមានប្រវត្តិសហប្រតិបត្តិការជាយូរឆ្នាំមកហើយ ជាមួយរាជរដ្ឋាភិបាលកម្ពុជាលើគ្រប់វិស័យ ក្នុងនោះក៏បានចូលរួមគាំទ្រដល់ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដែរ។
ដោយសារព្រឹត្តិការណ៍នៅថ្ងៃនេះជាថ្ងៃអបអរសាទរដល់ជ័យលាភី និងអ្នកទទួលរង្វាន់ លោកជំទាវបានថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រឹងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិដែលបានពេញភារកិច្ចរហូតសម្រេចបានសមិទ្ធផលជ័យលាភី ហើយថាអ្វីដែលកាន់តែមានមោទកភាពទៀតនោះគឺសម្រាប់ស្រ្តីក្រីក្រ និងស្រ្តីងាយរងគ្រោះ កុមារ និងជនមានពិការភាពដែលទទួលបានអត្ថប្រយោជន៍ពីការយកចិត្តទុកដាក់កាន់តែខ្លាំងលើសេវាសង្គម និងការកើនឡើងថវិកាសម្រាប់សេវាសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី បានថ្លែងអំណរគុណអង្គការយូនីសេហ្វសម្រាប់ការគាំទ្រគម្រោងផ្ដល់សេវាសង្គមនៅថ្នាក់ក្រោមជាតិប្រកបដោយសមភាព បរិយាប័ន និងសមធម៌។ សម្ដេច បន្ថែមថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា បានទទួលការគាំទ្រពីសាធារណៈជនគ្រប់មជ្ឈដ្ឋាន ហើយក៏កំពុងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
សម្ដេច បានឯកភាពចំពោះការលើកឡើងរបស់លោកជំទាវនាយិកាយូនីសេហ្វ ពាក់ព័ន្ធនឹងការវិភាគថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយបន្ថែមថាទោះបីជាមានផលប៉ះពាល់បង្កឡើងដោយជំងឺកូវីដ–១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលមិនដកដោយក្នុងការងារកំណែទម្រង់និងការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិដែរ។ សម្ដេច បានសង្កត់ធ្ងន់ថា បញ្ហាសំខាន់នោះគឺឆន្ទៈរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តភារកិច្ចប្រកបដោយការទទួលខុសត្រូវ។
សម្ដេច ក៏បានឆ្លៀតគូសបញ្ជាក់អំពីផលជាក់ស្ដែងនៃការងារនេះទៀតថា «កន្លងទៅ វិស័យសុខាភិបាល និងវិស័យមួយចំនួនទៀតក៏យើងបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយយើងទទួលស្គាល់ថា ប្រសិនបើការផ្ទេរសិទ្ធិអំណាចវិស័យសុខាភិបាលមិនទាន់ពេលទេនោះ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩ របស់រដ្ឋបាលរាជនី ខេត្តនឹងប្រាកដជាជួបការលំបាកមិនខានឡើយ»។
សម្ដេចក្រឡាហោម ក៏បានឆ្លៀតរម្លឹកឡើងវិញនូវសារពិសេសសម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ក្នុងនោះសម្ដេចបានគូសបញ្ជាក់ថា សម្រាប់ប្រភេទល្បែងស៊ីសងតាមភូមិ ឃុំ សង្កាត់ ដែលនាំទៅដល់ការកើតមានអំពើលួច ឆក់ ប្លន់ ហិង្សា បំផ្លាញទ្រព្យសម្បត្តិ និងសុភមង្គលក្រុមគ្រួសារនោះ ភារកិច្ចបង្ក្រាបជាការទទួលខុសត្រូវរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយថ្នាក់ជាតិនឹងតាមដាន។
ចំណែកល្បែងស៊ីសងជាប្រភេទល្បែងអនឡាញខុសច្បាប់ ដែលកំពុងបង្កឱ្យមានអំពើជួញដូរមនុស្ស បង្ខាំងមនុស្ស អំពើទារុណកម្ម និងជួញដូរកម្លាំងពលកម្ម ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិនោះ សម្ដេចបានសង្កត់ធ្ងន់ថាភារកិច្ចបង្ក្រាបនឹងទទួលខុសត្រូវដោយថ្នាក់ជាតិ។ សម្ដេច ក៏បានផ្ដល់ទស្សនាទានដល់អង្គពិធីដែលភាគច្រើនថ្នាក់ដឹកនាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អំពីសារៈសំខាន់នៃការងារនេះផងដែរ៕