ខេត្តប៉ៃលិន៖មនុស្ស ១នាក់រងរបួសធ្ងន់ និងស្រាល០២នាក់ រីឯមធ្យោបាយខូចខាត យ៉ាងធ្ងន់ធ្ងក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ ដែលបើកបរក្នុងទិសដៅស្របទិសគ្នា ពោលគឺពីលិចទៅកើត កាលពីវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចជិតដល់ជ្រោះសែនសុខ ស្ថិតក្នុងភូមិបឹងព្រលឹត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្តកិច្ចស្រុកសាលាក្រៅបានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់រួមមានៈ
ទី១–ឈ្មោះ សារួម ជីមម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកឃ្លីក ពណ៌ ស ពាក់ស្លាកលេខ ប៉ៃលិន1D-2798 (រងរបួសធ្ងន់ បែកក្បាលផ្ទៃខាងមុខ និងសន្លប់)(ភាគី បង្ករ )។
ទី២–ឈ្មោះ ជេង ហួរ ភេទប្រុស អាយុ ៤១ឆ្នាំ នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ដ ៦០៧៦ ភព១ (របួសស្រាល)(ភាគីរងគ្រោះ )។
ទី៣–ឈ្មោះ ផើន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិថៃ (រងរបួសស្រាល)(អ្នករួមដំណើរ)។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការគ្រោះថ្នាក់បណ្ដាលមកពីកត្តាបើកបរក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្ន បណ្តាលទៅបុកម៉ូតូម្ខាង ទៀតពីក្រោយពេញទំហឹង។បច្ចុប្បន្ន ភាគីបង្កររងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ចំណែកឯម៉ូតូទាំង ០២គ្រឿង ខាងលើ ត្រូវបានកម្លាំងជំនាញធ្វើការដករហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ជាក្រោយ ៕