ខេត្តព្រះសីហនុ៖នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារតេជោព្យាបាលជំងឺកូវីដ–១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែន ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ គូសបញ្ជាក់ថា សប្បុរសជនជាតិ អន្តរជាតិបានបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដើម្បីសាងសង់អគារតេជោព្យាបាលជំងឺកូវីដ–១៩មួយខ្នង កម្ពស់មួយជាន់ មានទំហំ ៩០ x ៣០ម៉ែត្រ គ្រឹះសសរបេតុង ដំបូលប្រកស័ង្គសី។ អគារនេះចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បញ្ចប់កាសាងសង់នៅថ្ងៃ៣០ ខែមេសា ឆ្នាំ២០២២ ចំណាយថវិកា ១.៧៤២.៨៣០ដុល្លា បំពាក់ឧបករណ៍ សម្ភារ: និងបរិក្ខារពេទ្យរួចរាល់។ ក្រៅពីនេះរដ្ឋបាលខេត្តបានសាងសង់អគារមន្ទីរពិសោធន៍ ១ខ្នង ទទឹង ១៥.៨ X ២៩ម៉ែត្រ ចំណាយថវិកា ២៧០.០០០ដុល្លាអាមេរិក ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧបករណ៍វិភាគមេរោគកូវីដ–១៩ ជាជំនួយមនុស្សធម៌រដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ផ្តល់ជូនរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងដំឡើងម៉ាស៊ីនផលិតអុកស៊ីសែន ផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែកខេត្ត និងរៀបចំកន្លែងព្យាបាលដោយឡែកសម្រាប់ជនសង្ស័យដែលឆ្លងជំងឺកូវីដ–១៩ផងដែរ។
នាឱកាសនោះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងការកោតសរសើររដ្ឋបាលខេត្តព្រះសីហនុ ខិតខំពុះពារគ្រប់ឧបស័គ្គ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ–១៩និងកសាងបានសមិទ្ធិផលជាច្រើនដើម្បីបម្រើតម្រូវការជាក់ស្តែងរបស់ប្រជាជន។ ក្រៅពីហេដ្ឋរចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង សមិទ្ធផលសម្រាប់បម្រើវិស័យសុខាភិបាលក្នុងខេត្តក៏មានត្រូវបានបង្កើតឡើងផងដែរដូចជា អគារតេជោព្យាបាលជំងឺកូវីដ–១៩ អគារមន្ទីរពិសោធន៍ និងអគារផលិតអុកស៊ីសែនដែលនឹងត្រូវបានសម្ភោធដាក់អោយប្រើប្រាស់នាថ្ងៃនេះ ដើម្បីលើកស្ទួយសុខាមាលភាពប្រជាជន។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានបន្តថា ក្រោមការដឹកនាំដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាថែរក្សាបាននូវសុខសន្តិភាព និងបានកសាងសមិទ្ធផលជាច្រើន ដើម្បីឆ្លើយតបទៅនឹងសំណូមពរបងប្អូនប្រជាពលរដ្ឋដោយបានជំរុញការអភិវឌ្ឍទឹក ផ្លូវ ភ្លើងព្រមៗគ្នា។ ខេត្តព្រះសីហនុមានការអភិវឌ្ឍរីកចម្រើនគួរឱ្យមោទនៈភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងមានរូបជាសំណាកជាច្រើនទៀត ជាមោទនភាពដែលយើងត្រូវចូលរួមថែរក្សា និងដឹងគុណដល់កូនខ្មែរយើងដែលបានក៏សាងសមិទ្ធផលកើតឡើងនៅលើទឹកដីនៃខេត្តព្រះសីហនុ៕