(ប៉ៃលិន)៖លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ដែលមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។អភិបាលខេត្តប៉ៃលិន អំពាវនាវបែបនេះ ខណៈពេលចុះត្រួតពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណភាពនៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ (ភ្នំខៀវប៉ៃលិន) ស្ថិតក្នុងភូមិខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ដើម្បីផ្តល់សេវាកម្មនិងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ–អន្តរជាតិ។
ដើម្បីលើកកម្ពស់សោភ័ណភាពនៅរមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ លោកជំទាវ បាន ស្រីមុំ បានណែនាំឱ្យយុវជន ស.ស.យ.ក ខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញ រួមគ្នារៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម្ពន្ធ ព្រមទាំងរុះរើខ្យុះដែលពុកផុយចេញ និងដាក់ជំនួសដោយខ្យុះថ្មី ដែលមានរចនាបថបែបទាក់ទាញប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេះ៕