ខេត្តព្រៃវែង៖នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី ប្រធានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង និងជាអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែង ដើម្បីពិនិត្យ និងវាយតម្លៃនៅសកម្មភាពការងាររបស់រដ្ឋបាល ក្រុង ស្រុក ទាំង ១៣ និងមន្ទីរអង្គភាពអាជ្ញាធរ ពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តព្រៃវែង ដែលបានអនុវត្តការងារកន្លងមក ដើម្បីលើកឡើងជាបញ្ហានិងសំណូមពរ ដល់អង្គប្រជុំដើម្បីធ្វើការដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលាខេត្តព្រៃវែង ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាយក–នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក–នាយករងទីចាត់ការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអភិបាលក្រុង–ស្រុកទាំង១៣ សរុបចំនួន១៤១រូប។
ក្រោយអំពីបានស្ដាប់នូវរបាយការណ៍អំពីបញ្ហាប្រឈម នឹងដំណោះស្រាយនានារបស់រដ្ឋបាលក្រុង ស្រុក អាជ្ញាធរពាក់ព័ន្ធដែលបានលើកឡើងនៅក្នុងអង្គប្រជុំរួចមក ឯកឧត្ដម ជា សុមេធី អភិបាលខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ទីរអង្គភាព អាជ្ញាធរ ក្រុង ស្រុក ទាំងអស់។ ក្នុងនោះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់ ដល់រដ្ឋបាល ក្រុង ស្រុក ទាំងអស់ត្រូវយកចិត្តទុកដាក់ អនុវត្តនូវផែនការសកម្មភាពការងាររបស់ខ្លួនជាបន្តបន្ទាប់ទៀតធ្វើយ៉ាងណា ដើម្បីធានាដល់ការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរឡើងបន្ថែមទៀត។
ជាមួយគ្នានោះដែរឯកឧត្ដម អភិបាលខេត្ត ក៏បានក្រើនរម្លឹក និងជម្រុញបន្ថែមដល់អាជ្ញាធរក្រុង–ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តិនានា ច្បាប់ និងនីតិវិធីជាធរមាន និយាយជារួមគឺ ត្រូវបន្តពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណ: អនាម័យ បរិស្ថាន បន្តពង្រឹងផ្សព្វផ្សាយការងារភូមិ ឃុំមានសុវត្ថិភាព (គ្រឿងញៀន និងល្បែងស៊ីសង) នៅក្នុងដែនសមត្ថកិច្ចការទទួលខុសត្រូវរបស់ខ្លួន ជាពិសេស ក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនាពេលនេះផងដែរ ៕