ខេត្តបន្ទាយមានជ័យ៖អង្ករ ចំនួន ៣តោន, និងស័ង្កសី ចំនួន ៦០០០សន្លឹក ជាអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្តល់ជូនអង្គភាព កងពលតូចថ្មើរជើងលេខ៥១ សម្រាប់ចែកជូនដល់គ្រួសារយោធិន និងប្រជាពលរដ្ឋ ដែលមានជីវភាពជួបការលំបាក ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗ។
អំណោយត្រូវបានក្រុមការងារជំនួយការ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ប្រគល់ជូន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃចន្ទ ២ រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីរក្សាទុកនៅទីបញ្ជាការ កងពល និងបែងចែកមួយចំនួន ជូនតាមអង្គភាពវរសេនាតូច ចំនួន ៣ ឈរជើងនៅជិតបន្ទាត់ព្រំដែនកម្ពុជា–ថៃ ដើម្បីធានាបានជួយប្រជាពលរដ្ឋបានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាព កងពលតូចថ្មើរជើងលេខ៥១ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ ការរស់នៅ របស់យោធិន គ្រួសារយធិន និងបងប្អូនអតីតយុទ្ធជន សំដៅលើកកម្ពស់គុណភាព ការរស់នៅរបស់កងទ័ពឲ្យកាន់តែប្រសើរ ក៏ដូចជាប្រជាពលរដ្ឋជួបការលំបាក និងជួបគ្រោះមហន្តរាយធម្មជាតិផ្សេងៗ៕