ខេត្តបន្ទាយមានជ័យ៖នគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យចំនួន០៥នាក់ រួមនិងវត្ថុតាងថ្នាំញៀនជិត០១គីឡូក្រាម ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយពីឃាត់ខ្លួនបានជាបន្តបន្ទាប់នៅស្រុកព្រះនេត្រព្រះ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរង ទទួលការងារ ប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ការិយាល័យជំនាញ សហការជាមួយផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុក ក្រុង ស៊ើបអង្កេតស្រាវជ្រាវ ដូចភ្លៀងរលឹម ទាក់ទិននឹងបទល្មើសគ្រឿងញៀន ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសបង្ការទប់ស្កាត់បទលើ្មសផ្សេងៗ ដែលផ្តើមចេញពីគ្រឿងញៀន មានដូចជា ៖ ចោរ លួច ឆក់ ប្លន់ និងមួយវិញទៀត ដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងនគរបាល ផ្នែកប្រឆាំងគ្រឿងញៀន នៃ អធិការដ្ឋាននគរបាល ស្រុកព្រះនេត្រព្រះ ចុះបង្រ្កាបមុខសញ្ញាសង្ស័យជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនបានចំនួន០២នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសហគ្រាស ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ១/-ឈ្មោះ លឹម ចំរ៉ុង ហៅង៉ា ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ជននេះធ្លាប់ជាប់ពន្ធនាគាររយៈពេល០៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ។
២/-ឈ្មោះ ឆាន់ ហុង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។
លោកស្នងការរង បានបន្តថា៖ ក្រោយពីសារភាពពីឈ្មោះ លឹម ចំរ៉ុង ហៅង៉ា នៅវេលាម៉ោង០៥ល្ងាច ថ្ងៃដដែល កម្លាំងការិយាល័យជំនាញ បានសហការជាមួយកម្លាំងនគរបាលស្រុកមង្គលបូរី បានបន្តឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនចំនួន០៣នាក់បន្ថែមទៀត នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី
១/-ឈ្មោះ យឹម ផុន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ជននេះធ្លាប់ជាប់ពន្ធនាគារ០៣ឆ្នាំ ពីបទជួញដូរ្រឿងញៀន ។
២/-ឈ្មោះ មាស សំណាង ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិពោធិ០២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី។
៣/-ឈ្មោះ សន យូជីន ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី ។
លោកស្នងការរង វរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់បន្ថែមថា៖ក្នុងកិច្ចប្រតិបត្តិការទាំង០២ ស្រុកនេះ នគរបាលបានធ្វើការដកហូតវត្ថុតាង មាន៖គោលដៅទី១/-ម្សៅក្រាមពណសថ្លា ០១កូនថង់ ថ្លឹងសាច់ថ្នាំសុទ្ធ ទម្ងន់ ០.៥៨ក្រាម ទូរសព្ឌដៃ០២គ្រឿង ,គោលដៅទី២/-ម្សៅក្រាមពណ៌សថ្លា ចំនួន១១ថង់(ថង់ធំ០៧និងតូច០៤) ច្រកចូលក្នុងថង់តែ០១ ទម្ងន់៧១៤.២២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,ជញ្ជីងថ្លឹង០១, ឧបរណ៍កែច្នៃសម្រាប់ជក់មួយចំនួននិងទូរសព្ឌដៃ០៣គ្រឿង ។បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់និងវត្ថុតាង ត្រូវបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមាន ដើម្បីចាត់ារតាមនិតិវិធីហើយដែរ ៕