(បន្ទាយមានជ័យ)៖ដើម្បីចងសម្ព័ន្ធមេត្រីភាព ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ ក្រោយពីជំងឺកូវីដ១៩ បានធូរស្រាល មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងមន្ទីរពាណិជ្ជកម្មខេត្ត ស្រះកែវ ប្រទេសថៃ បានជួបពិភាក្សារគ្នាក្នុងគោលបំណងពង្រឹង ពង្រីកកិច្ចប្រតិបត្តិការឲ្យបានល្អប្រសើរឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩ លើវិស័យពាណិជ្ជកម្ម និងវិនិយោគផ្លាស់ប្តូរផលិតផលទំនិញផ្សេងផ្សេង ។
លោក ប៊ុក ឡាយជី ជាប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យបានលើកឡើងថា ក្រោយវិបត្តិជំងឺកូវីដ១៩ រយៈកាលកន្លងមកសម្រាប់ខេត្តបន្ទាយមានជ័យ ក៏ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូល បញ្ហាសេដ្ឋកិច្ចលើគ្រប់វិស័យកំពុងមានការកើនឡើង គួរជាទីមោទនហើយសម្រាប់ខេត្តបន្ទាយមានជ័យ មានសក្ដានុពលសម្រាប់ធ្វើការវិនិយោគដោយមានរោងចក្រចំនួន១៩ តាមតំបន់សេដ្ឋកិច្ចពិសេស និងឧស្សាហកម្មរួមមានតំបន់សេដ្ឋកិច្ចពិសេសអូនាងក្រុងប៉ោយប៉ែតមាន៦ រោងចក្រ តំបន់សេដ្ឋកិច្ចពិសេសសានកូក្រុងប៉ោយប៉ែតមាន១១ រោងចក្រតំបន់សួនឧស្សាហកម្មស៊ីសុផុនក្រុងសិរីសោភ័ណ មាន២រោងចក្រ ដែលមានរោងចក្រទាំងអស់កំពុងដំណើរកា។
លោក ប៊ុក ឡាយជី បានបន្តថា ទំហំនៃការនាំចេញកសិផល ចេញពីប្រទេសកម្ពុជាទៅប្រទេសថៃសម្រាប់ឆមាសទី១ ឆ្នាំ២០២២ នេះកសិផលនាំចេញគិតជាប្រាក់មានចំនួន ១៩ ៤៤០ ០០០លានដុល្លារសហរដ្ឋអាមេរិក។ចំណែកនៃការនាំចូលទំនិញគ្រប់ប្រភេទរបស់ប្រទេសថៃមកកម្ពុជាវិញនោះគឺមានទំហំធំបើគិតជាទឹកប្រាក់ដ៏ច្រើនលើសលប់។ក្នុងនាមជា មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ សំណូមពរភាគីទាំងពីរ បន្តជំរុញគាំទ្រដល់ការអភិវឌ្ឍចំណេះដឹង ដល់បុគ្គលិកពាក់ព័ន្ធផ្នែកពាណិជ្ជកម្មការវិនិយោគ និងបង្កើនជំនាញក្នុងការកែលម្អគុណភាពផលិតផល និងសេវាកម្មព្រមទាំងជំរុញសកម្មភាពចរចាពាណិជ្ជកម្ម រៀបចំពិព័រណ៍ពាណិជ្ជកម្មដើម្បីឲ្យបានជាប្រយោជន៍ ដល់ប្រទេសទាំងពីរ។ជាការឆ្លើយតប ក្នុងកិច្ចពិភាក្សានេះផងដែរលោកស្រី ណងយ៉ាវ ស៊ីផាន់ថាមីត ដែលជាប្រធានមន្ទីរពាណិជ្ជកម្មខេត្តស្រះកែវ ក៏បានថ្លែងនូវអំណរគុណនិងកោតសរសើរដោយស្មោះចំពោះមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ក៏ដូចជាសភាពាណិជ្ជកម្មព្រមទាំងសហគ្រិនវ័យក្មេង ដែលបានរួមសហការនិងប្រតិបត្តិការ បានល្អប្រសើរចំពោះការវិនិយោគផ្លាស់ប្តូរទំនិញគ្រប់ប្រភេទ ដល់ប្រទេសទាំងពីរ មានសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត។
លោកស្រី បន្តថា នឹងគាំទ្រការគ្រប់គ្រង និងផ្លាស់ប្តូរព័ត៌មានករណីរវាងភាគី ទៅវិញទៅមក និងបន្តពង្រឹងនិងគាំទ្រកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្មវិនិយោគទេសចរណ៍ និងសេវាកម្ម ដែលថាភាគីទាំងពីរបានព្រមព្រៀងជួបសំណេះសំណាលពិភាក្សាជជែកគ្នារយៈពេលបីខែម្ដង ដើម្បីពង្រឹងលើការងារប្រតិកម្មឲ្យមានភាពល្អប្រសើរសម្រាប់ប្រទេសទាំងពីរកម្ពុជាថៃ ៕