ខេត្តកណ្តាល៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសពមហាឧបាសិកា ញឹម តេង ដែលត្រូវជាមាតាក្មេករបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា–ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួល មរណភាព កាលពីថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២២ នៅវេលាម៉ោង ១:៤០ នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
មរណភាពរបស់ មហាឧបាសិកា ញឹម តេង គឺជាការបាត់បង់នូវមាតាបង្កើត មាតាក្មេក ជីដូន និងជីទួត ជាទីគោរព ស្រលាញ់បំផុត ដែលមានព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានលះបង់បូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការ បីបាច់ថែរក្សាបុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ ថ្នាក់ដឹកនាំខេត្តកណ្តាល បានសម្តែងនូវសេចក្តីសោកស្តាយ យ៉ាងធំធេង និងពោរពេញដោយភាពស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកមរណទុក្ខនេះជាមួយក្រុម គ្រួសារសព និងញាតិសារលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។ ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំនេះ គណៈប្រតិភូទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកា ញឹម តេង សូមបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕