(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែសីហា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួម លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេនាតូចថ្មើរជើងទាំង៤។
លោកមេបញ្ជាការកងពល បានធ្វើការកោតសរសើរដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។
លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានសង្កត់ធ្ងន់ថា គ្រប់កងឯកភាព ត្រូវបន្តយកចិត្តទុកដាក់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងនោះក៏ត្រូវត្រួតពិនិត្យ និងតៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ ធានាចេញបំពេញបេសកកម្មតាមបទបញ្ជាថ្នាក់លើ បានទាន់ពេលវេលា និងទទួលជោគជ័យ ជាពិសេសការត្រៀមសម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ដោយសាររយៈពេលប៉ុន្មានថ្ងៃខាងមុខនេះភ្លៀងនឹងបន្តធ្លាក់ ជាពិសេសខេត្តបន្ទាយមានជ័យ ដែលតែងតែរងគ្រោះជារៀងរាល់ឆ្នាំ ចាំបាច់យើងត្រូវត្រៀមទុកជាមុន។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានអញ្ជើញប្រគល់លិខិតសរសើរ និងរង្វាន់អម ដល់យោធិនដែលមានស្នាដៃល្អប្រចាំខែសីហា និងប្រគល់ទឹកក្រូច ដែលជាអំណោយរបស់ក្រុមហ៊ុន ថេន សាយ តាមបណ្តាកងឯកភាពចំណុះផងដែរ៕