(ព្រៃវែង)៖ថ្លែងក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំ អាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តជំរុញឲ្យកាន់តែសកម្មថែមទៀត នូវគោលនយោបាយ«ភូមិ-ឃុំមានសុវត្ថិភាព» ក៏ដូចជាយុទ្ធនាការសំខាន់ៗរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សំដៅកាត់ បន្ថយឲ្យបាននូវបទល្មើសគ្រប់ប្រភេទ បង្កើនភាពកក់ក្ដៅដល់ការរស់នៅប្រកបរបរ ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ។
ចំពោះនៃការប្រែប្រួលអាកាសធាតុ ភ្លៀង ផ្គររន្ទះ ទឹកជំនន់ អគ្គីភ័យ និងផល ប៉ះពាល់នានា ដែលបណ្តាលមកពីខ្យល់កន្ត្រាក់ ក្រុមការងារនិងអាជ្ញាធរមូល ដ្ឋានគ្រប់ថ្នាក់ត្រូវចុះតាមគ្រួសារដែលរងគ្រោះ ដើម្បីពិនិត្យលទ្ធភាពជួយគាំទ្រជាបន្ទាន់ ។ករណីមិនមានលទ្ធភាពជួយឧបត្ថម្ភ ត្រូវធ្វើរបាយការណ៍ ជាបន្ទាន់មកថ្នាក់ខេត្តដើម្បីជួយដោះស្រាយ។
ទន្ទឹមនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះព្រះគ្រូចៅអធិការ គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទចំណុះជើងវត្ត រួមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ជាពិសេសក្រុមការងារដែលមានឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃជាប្រធានដែលបានចូលរួមសាមគ្គីប្រមូលបច្ច័យសាងសង់សមិទ្ធិផលព្រះវិហារ រួមទាំងបច្ច័យបង្គ្រប់ថ្លៃជំពាក់។ក្នុងនោះសម្ដេចក្រឡាហោម បានបង្ហាញមោទកភាព និងក្ដីរីករាយនៅពេលទទួលសេចក្ដីរាយការណ៍មកថាសិស្សថ្នាក់ទី៩ និងទី១២ នៃវិទ្យាល័យក្នុងស្រុកមេសាងបានបន្តទទួលជ័យលាភីសិស្សពូកែទូទាំងប្រទេសក្នុងការប្រឡងរៀបចំដោយក្រសួងអប់រំ។សម្ដេចបបញ្ជាក់ថា«នេះជាកិត្តិយសដ៏ធំធេងទាំងរបស់ក្មួយៗ ក៏ប៉ុន្តែក៏ជាកិត្តិយលោកគ្រូ អ្នកគ្រូដែលបង្រៀនយើង ហើយក៏ជាកិត្តិយសឪពុកម្ដាយ កិត្តិយសក្រុមគ្រួសារ ហើយក៏ដូចជា ប្រជាពលរដ្ឋក្នុងស្រុកមេសាង ខេត្តព្រៃវែងរបស់យើងផងដែរ»។ ដើម្បីជាការលើកទឹកចិត្ត សម្ដេចបានប្រកាសឧបត្ថម្ភសិស្សជ័យលាភីម្នាក់ៗ ៥ សែនរៀល និងវិទ្យាល័យមានសិស្សជាប់ជ័យលាភី ១លានរៀលផងដែរ ៕