
ឯកឧត្តម អភិបាលខេត្តព្រៃវែងដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីកែងផ្លូវចូលសាលាស្រុកស៊ីធរកណ្តាល រហូតដល់ថ្នល់ទទឹងឃុំព្រែកចង្រ្កាន្ត ស្រុកស៊ីធរកណ្តាល
(ព្រៃវែង)៖ ដោយសារកន្លងមកនេះផ្លូវមួយខ្សែប្រវែងប្រមាណជាង ២០ គីឡូម៉ែត្រ នៅស្រុកស៊ីធរកណ្តាល ធ្លាប់រងការខូចខាតដោយជំនន់ទឹកភ្លៀង នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញ ជាមួយអាជ្ញាធរដែនដី និងកងកម្លាំង ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ចាប់ពីកែងផ្លូវចូលសាលាស្រុកស៊ីធរកណ្តាល រហូតដល់ថ្នល់ទទឹង ឃុំព្រែកចង្រ្កាន្ត ស្រុកស៊ីធរកណ្តាល។
បច្ចុប្បន្ន កងវិស្វកម្មក្រសួងការពារជាតិ កំពុងដំណើរការសាងសង់ជាផ្លូវកៅស៊ូ DBST ប្រវែងជាង ៤ គីឡូម៉ែត្រ និងផ្លូវបេតុង១ខ្សែរទៀត ដែលជាគម្រោងរបស់ខេត្ត មានប្រវែង ៤ គឺឡូ ៤០០ម៉ែត្រ កំពុងអនុវត្តគម្រោងបានប្រមាណ ៦០% ស្ថិតក្នុងភូមិល្វេរ ភូមិអំបែងចេះ ភូមិកោងទន្លេក្រោម ភូមិកោងទន្លេលើ មកទល់និងស្ពានជ្រោយសសិត ស្រុកស៊ីធរកណ្តាល និងផ្លូវចាក់បេតុងសរសៃដែក មួយខ្សែទៀតដែលជាគម្រោងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រវែង ១០ គឺឡូ ៦០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ជាគម្រោងទប់ទល់នៅនឹងការបម្រែបម្រួលអាកាសធាតុ ពីភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ទៅភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្តាល គ្រោងអនុវត្តនៅដើមឆ្នាំ២០២៣ខាងមុខ។
ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា ផ្លូវនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដើម្បីលើកកម្ពស់សោភ័ណភាពផ្លូវ ក៏ដូចជាសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង។
ឯកឧត្តម អភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ជាមួយនិងការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេទាំងទ្វេតែងតែយកចិត្តទុកដាក់មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាប្រចាំ ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ជាពិសេស សម្ដេចតែងតែខិតខំយកចិត្តទុកដាក់នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗជាច្រើនទាំងគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ អាណាចក្រ ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងខេត្តព្រៃវែង ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការរស់នៅប្រកបមុខរបរចិញ្ចឹមជីវិតរបស់គាត់ កាន់តែប្រសើរឡើង ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាផងដែរ។ក្នុងនោះដែឯកឧត្តម អភិបាលខេត្ត ក៏សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ប្រជាការពារ និងលោកមេភូមិ មេឃុំ ស្នើសុំជួយថែរក្សាការពារផ្លូវ នេះទាំងអស់គ្នា ដើម្បីឲ្យផ្លូវនេះបានគង់វង្ស និងប្រើប្រាស់បានយូរអង្វែង៕