(ប៉ៃលិន)៖ដោយមានសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ មានព្រះសង្ឃជាសាវៈ ជាទីគោរពបូជាចំពោះពុទ្ធសាសនិកទូទៅក្នុងខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានផ្តួចផ្តើមគំនិត និងមានការចូលរួមពីឯកឧត្តមលោកជំទាវ លោក លោកស្រី នាងកញ្ញា ជាអ្នកតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកា ប្រធានមន្ទីរអង្គភាព មន្ត្រីរាជការជុំវិញខេត្ត នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ បាននាំយកទេយ្យទានមានដូចជា អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ទឹកស៊ីអ៊ីវ ប្រេងឆា តែ ស្ករស អំបិល ប៊ីចេង ទឹកដោះគោខាប់ ស្លាដក់ និងបច្ច័យមួយចំនួនធំ វេរប្រគេនព្រះសង្ឃកំពុងគង់ក្នុងវស្សា នៅវត្តទូទាំងខេត្តប៉ៃលិន សរុប៣១វត្ត និង១មណ្ឌលវិបស្សនា នៅលើភ្នំយ៉ាត ក្នុងរដូវកាន់ព្រះវស្សារយះពេល៣ខែនេះ។
ទេយ្យទាននិងបច្ច័យ ដែលបានប្រគេននិងឧទ្ទិសក្នុងពេលនេះ គឺដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃប្រចាំថ្ងៃផង និងដើម្បីជាអត្ថមនុញ្ញផលដល់បុព្វការីជន យុទ្ធជន យុទ្ធនារីស្នេហាជាតិដែលបានពលីជីវិតក្នុងសមរភូមិ អោយមកទទួលមគ្គផលតាមរយៈព្រះសង្ឃវេរជូននៅពេលនេះ និងសូមបែរក្រោយអោយពរសព្ទសារធុការ ដល់លោកជំទាវអភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានរួមគ្នាធ្វើនៅពេលនេះ សូមជួបតែសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ស្មារតីភ្លឺថ្លា បន្តជោគជ័យគ្រប់ភារកិច្ច ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនកាន់តែរីកចម្រើន ព្រមទាំងជួបនូវពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕