ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរដ្ឋបាលខេត្តផងដែរ។
អភិបាលរងខេត្តដែលត្រូវប្រកាសចូលកាន់មុខតំណែងនោះរួមមាន៖
ទី១៖លោក ឈឿង ក្រៃយ៉ុង ពីនាយករដ្ឋបាលសាលាខេត្ត ឡើងជាអភិបាលរងខេត្ត។
ទី២៖ លោក ប្រាក់ ប៉ូលី ពី មន្ត្រីក្រសួងមហាផ្ទៃ អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មកជាអភិបាលរងខេត្ត។
ទី៣៖ លោក ហ៊ឹល រ៉ាយ៉ា ពីអភិបាលក្រុងសិរីសោភ័ណ ឡើងជាអភិបាលរងខេត្ត។
ទី៤៖ លោក យឹម សំណាង ពីអភិបាលស្រុកអូរជ្រៅ ឡើងជាអភិបាលរងខេត្ត
ទី៥៖ លោក ឃ្លោក ណួយ ពីអភិបាលរង ខេត្តប៉ៃលិន មកជាអភិបាលរងខេត្តបន្ទាយមានជ័យ ជំនួសលោក អោម ចន្ថា អភិបាលរងខេត្ត ដែលឡើងទៅជាអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ទី៦៖លោក ណង វុទ្ធី នាយករងរដ្ឋបាល ឡើងជានាយករដ្ឋបាលសាលាខេត្ត។
បន្ទាប់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឡើងធ្វើសេចក្ដីរាយការណ៍រួចមកឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការចូលកាន់មុខតំណែងជាអភិបាលរងខេត្តនេះ គឺសំដៅចូលរួមខិតខំបំពេញការងារ ភារកិច្ច ថែរក្សា ពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម សន្តិសុខសង្គមសណ្ដាប់ធ្នាប់ និងខិតខំរួមគ្នាអភិវឌ្ឍខេត្តបន្ទាយមានជ័យ ឲ្យកាន់តែមានការរីកចម្រើន លើគ្រប់វិស័យ។
ឯកឧត្ដម បានបន្តថា ក្នុងឆ្នាំ២០២២ ពិភពលោកទាំងមូល ព្រមជាមួយនឹងកម្ពុជាផងដែរ បានទទួលរងនូវការប៉ះពាល់មកលើសុខភាពសាធារណៈ សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ទាំងការប្រកួតប្រជែងក្នុងចំណោមប្រទេសមហាអំណាច ពិសេសការផ្ទុះឡើង សង្គ្រាមប្រទេសអ៊ុយក្រែន និងរុស្ស៊ីនឹងរយៈពេលជាងប្រាំមួយខែកន្លងមកនេះ ដែលបច្ចុប្បន្នពុំទាន់បានបញ្ចប់សង្គ្រាមនៅឡើយ ដូចនេះហើយធ្វើឲ្យប្រទេសកម្ពុជាត្រូវទទួលរងនូវវិបត្តិសេដ្ឋកិច្ចនេះខ្លះៗ ដូចជាប្រេងឡើងថ្លៃ ជីគីមីឡើងថ្លៃហួសកំណត់ ធ្វើឲ្យប្រជាកសិករ ប្រកបរបរកសិកម្ម លើបញ្ហាប្រឈមផ្នែកជីវភាព សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់អត់ខ្លះៗ៕