(ក្រចេះ)៖នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ អ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះ សំណាល និងទទួលស្វាគមន៍បងប្អូនដែលមកពីគណបក្សផ្សេងៗដែលបានចូលរួមរស់ជីវភាពជាមួយគណបក្ស ប្រជាជនកម្ពុជា ផងដែរដែលមានបងប្អូនប្រជាពលរដ្ឋសរុបចំនួន១០០០នាក់ ស្ថិតនៅក្នុងបរិវេនវត្តសណ្ដាន់ ក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
កម្មវិធីនាព្រឹកនេះផងដែរក៏មានការអមដំណើរដោយឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី រួមជាមួយឯកឧត្តម មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី ឯកឧត្តម ភឺន ផល្លា ទីប្រឹក្សាសម្តេចតេជោ ឯកឧត្តម យូ សេរីវុឌ្ឍ ទីប្រឹក្សាសម្តេចតេជោ លោកឧកញ៉ា លឹម ប៊ុណ្ណា ទីប្រឹក្សាសម្តេចតេជោ លោកឧកញ៉ា លី សេងឃាង, ក្រុមការងារបក្ស និងក្រុមការងារស្ម័គ្រចិត្តឯកឧត្តមបណ្ឌិត ដួង តារា ជាច្រើនរូបទៀតផងដែរ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមពីសំណាក់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោកអភិបាលស្រុក ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រកបដោយសេចក្តីសោមនស្សក្រៃលែង។
នាកម្មវិធីព្រឹកនេះផងដែរអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខ ទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះដែរអ្នកឧកញ្ញ៉ា បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចណាស់ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខដឹកនាំផងដែរ និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។ មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ។
ក្នុងឱកាសនេះផងដែរឯកឧត្តមបណ្ឌិត ដួង តារា ក៏បានមានប្រសាសន៍សំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួនអំពីសកម្មភាពការងាររបស់ឯកឧត្តមនាពេលកន្លងមកក្នុងការបម្រើសម្ដេចក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងបានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋកុំចំណាយពេលវេលា និងថវិកាលើការឃោសនាអគតិផ្សេងៗ។ ហើយឯកឧត្តមបណ្ឌិតពិតជាមានការសោកស្ដាយចំពោះបងប្អូនខ្មែរមួយចំនួនដែលមានឱកាសទៅរស់នៅឯបរទេសបែរជាព្យាយាម ញុះញ៉ង់បំផ្លាញប្រទេស កំណើតរបស់ខ្លួនទៅវិញ។ យើងចូលរួមកសាងអំពើល្អ និងអាណិតស្រឡាញ់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ (អត្ថបទដោយ: លោក ព្រំ បូរី)