(ក្រចេះ)៖នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទ្រឹស្ដីការគណៈរដ្ឋមន្ត្រី បានអមដំណើរអ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះ សំណាល និងទទួលស្វាគមន៍បងប្អូនដែលមកពីគណបក្សផ្សេងៗ ដែលបានចូលរួមរស់ជីវភាពជាមួយគណបក្ស ប្រជាជនកម្ពុជាផងដែរ ដែលមានបងប្អូនប្រជាពលរដ្ឋសរុបចំនួន១០០០នាក់ ស្ថិតនៅក្នុងបរិវេនវត្តសណ្ដាន់ ក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។
កម្មវិធីនាព្រឹកនេះក៏មានការអមដំណើរដោយឯកឧត្តម មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី រួមជាមួយនិងក្រុមការងារស្ម័គ្រចិត្តឯកឧត្តមបណ្ឌិត ដួង តារា ជាច្រើនរូបទៀតផងដែរ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមពីសំណាក់ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ លោកអភិបាលស្រុក ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រកបដោយសេចក្តីសោមនស្សក្រៃលែង។
នាកម្មវិធីព្រឹកនេះអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខប្រជាពលរដ្ឋពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។
ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនោះដែរអ្នកឧកញ្ញ៉ា បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋ មានការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេចតេជោគឺពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចណាស់ សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចដែលជាប្រមុខដឹកនាំផងដែរ និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។ មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ។
ក្នុងឱកាសនេះផងដែរឯកឧត្តមបណ្ឌិត ដួង តារា ក៏បានមានប្រសាសន៍សំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបង្ហាញនូវអារម្មណ៍ផ្ទាល់ខ្លួនអំពីសកម្មភាពការងាររបស់ឯកឧត្តមនាពេលកន្លងមកក្នុងការបម្រើសម្ដេចក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងបានក្រើនរំលឹកឲ្យបងប្អូនប្រជាពលរដ្ឋកុំចំណាយពេលវេលាថវិកាលើការឃោសនាអគតិផ្សេងៗ។ ហើយឯកឧត្តមបណ្ឌិតពិតជាមានការសោកស្ដាយចំពោះបងប្អូនខ្មែរមួយចំនួនដែលមានឱកាសទៅរស់នៅឯបរទេសបែរជាព្យាយាម ញុះញ៉ង់បំផ្លាញប្រទេស កំណើតរបស់ខ្លួនទៅវិញ។ យើងចូលរួមកសាងអំពើល្អ និងអាណិតស្រឡាញ់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕(អត្ថបទដោយ : លោក ព្រំ បូរី)