ខេត្តព្រះសីហនុ: លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ-សង្កាត់ជាប់ឆ្នោតថ្មីអាណត្តិទី៥ ឆ្នាំ២០២២ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុ ។
លោក ម៉ាង ស៊ីណេត បានស្វាគមន៍បើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំសង្កាត់ ជាប់ឆ្នោតថ្មីលើកទី៥ ឆ្នាំ២០២២ ដើម្បីសម្រេចគោលបំណងជាយុទ្ធសាស្ត្ររាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍបែបប្រជាធិប តេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១ -២០៣០) ដោយផ្ដោតការយកចិត្តទុកដាក់លើការប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំ និងភាពធន់ និងមានសមត្ថភាពសិទ្ធិអំណាច មុខងារ និងធនធានកាន់តែសមស្របក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព។
កម្មវិធីជាតិដំណាក់កាលទី២នេះ សំដៅការពង្រឹង និងការធ្វើទំនើបកម្មរចនា សម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗស្របតាមចរិតលក្ខណៈជារដ្ឋបាល នៃតំបន់ទីក្រុងធំៗ រដ្ឋបាលនៃតំបន់ទីប្រជុំជន និងរដ្ឋបាលនៃតំបន់ជនបទរួមទាំងការជំរុញការធ្វើវិមជ្ឈការហិរញ្ញវត្ថុការកែលម្អប្រព័ន្ធផែនការថវិកា ការកែលម្អយន្តការនិងនីតិវិធីនៃការផ្ដល់សេវាសាធា រណៈ ការលើកកម្ពស់ការគ្រប់គ្រងនិងការអភិវឌ្ឍធនធានមនុស្ស។
ក្នុងឱកាសនោះលោកក៏បានផ្ដាំផ្ញើដល់សិក្ខាកាមដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលត្រូវយកចិត្តទុកដាក់ស្ដាប់គ្រូឧទ្ទេស ដើម្បីទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀតសម្រាប់យកទៅអនុវត្តនៅតាមឃុំ-សង្កាត់នីមួយៗឱ្យទទួលបានជោគជ័យ៕