ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ អញ្ជើញសំណេះសំណាលជាមួយកម្មករ កម្មការិនី និងពាំនាំការសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញតនៃច្បាប់ ស្តីពីការងារជូនកម្មករ កម្មការិនីរោងចក្រ Hing Lee (Cambodia) Co,Ltd ប្រមាណ ៣០០នាក់ នៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក យ៉ូវ ខេមរ៉ា ប្រធានមន្ទីរការងារបណ្តុះបណ្តាលវិជា្ជជីវ:ខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ស្រុកព្រៃនប់ ដែលមានរោងចក្រ សហគ្រាសបានចុះបញ្ជីចំនួន២១២ ដែលមានកម្មករសរុបចំនួន ២៥.០៤៦នាក់ ស្រី ១៣.៤៤៨នាក់។
នាឱកាសនោះឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកសោធនជូនកម្មករ កម្មការិនីនៅតាមរោងចក្រ សហគ្រាសក្នុងទូទាំងប្រទេស ស្តីអំពីអត្ថប្រយោជន៍ដែលទទួលបានពីរបបសន្តិសុខសង្គមមានចំនួន៣
ទី១.របបសន្តិសុខសង្គម ផ្នែកគ្រោះថ្នាក់ការងារដាក់ឱ្យដំណើការនៅឆ្នាំ២០០៨ ។
ទី២.របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ដាក់ឱ្យដំណើរការនៅឆ្នាំ២០១៦ និង
ទី៣.របបសន្តិសុខសង្គមផ្នែកសោធន ដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ។
ឯកឧត្តម អភិបាលខេត្ត បានបន្តថា ការទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល បាននឹងកំពុងតែគិតគូរជូនដល់កម្មករ កម្មការិនីនៅតាមបណ្តារោងចក្រ សហគ្រាសនៅទូទាំងប្រទេស ហើយកន្លងមកក៏មានកម្មករ កម្មការនីរបស់យើងបានទទួលនូវអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមផ្នែកគ្រោះថ្នាក់ការងារ និងថែទាំងសុខភាពផងដែរ។ការផ្សព្វផ្សាយនាពេលនេះ ក្នុងគោលបំណងឱ្យបងប្អូនកម្មករ កម្មការិនីរបស់យើងមានការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ និងការទាមទារអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គម ស្របពេលដែលកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាសកម្មភាពរបស់បងប្អូនដែលបានចូលរួមចំណែកយ៉ាងផុលផុស៕