ខេត្តស្ទឹងត្រែង៖ ក្រោយពីមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តស្ទឹងត្រែងបានធ្វើការវាស់វែងរួចរាល់ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការកាន់កាប់ដីធ្លីចំនួន ៨២៩ក្បាល់ដី ស្មើនិងចំនួន៨២៩ គ្រួសារ ដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិថាឡាបរិវ៉ាត់ ឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ដោយមានការចូលរួមសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ជុំវិញខេត្ត ព្រមទាំងអាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ជាច្រើនរូបផងដែរ។
យោងតាមរបាយការណ៍របស់លោក ម៉ិញ ស៊ីចាយ ប្រធាន មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា ការចែកវិញ្ញាបនបត្រ សម្គាល់ ម្ចាស់អចលនវត្ថុ ក្នុងភូមិថាឡាបរិវ៉ាត់ មានក្បាល ដីសរុប ១.៣១៦ ក្បាលដី ក្នុងនោ បានអនុវត្តនិតិវិធី ចេញប័ណ្ណកម្មសិទ្ធ បានចំនួន ៨២៩ក្បាលដី ។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ចាប់ពីពេលដែលទទួលវិញ្ញាបនបត្របញ្ជាក់ដីធ្លីនេះហើយ ប្រជាពលរដ្ឋទាំងអស់នឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ខ្លួនហើយបាតុភាពរំលោភបំពានលើដីធ្លីដែលធ្លាប់មានកន្លងទៅត្រូវបានបញ្ចប់ជាស្ថាពរ ទន្ទឹមនឹងនេះប្រជាពលរដ្ឋជាម្ចាស់ដីមានសិទ្ធិប្រើប្រាស់អាស្រ័យផលនិងចាត់ចែងដីរបស់ខ្លួនផ្ដាច់មុខ និង ទូលំទូលាយកុំឲ្យតែយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់បានហាមឃាត់តែប៉ុណ្ណោះនេះហើយជាតម្លៃនៃប័ណ្ណកម្មសិទ្ធិ៕