(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម និងលោកជំទាវ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ បានដឹកនាំសមាជិក សមាជិការ ចុះសាកសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ ផ្ដល់ជូនប្រជាពលរដ្ឋផ្ទុកមេរោគអេដស៍ និងមានជីវភាពទីទាល់ក្រចំនួន ១៥គ្រួសារ នៅក្នុងឃុំបត់ត្រង់ ស្រុកមង្គរបូរី ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រាលទុក្ខលំបាកបានមួយគ្រា។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍លើកឡើងថា ក្នុងការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ដែលព្រះរាជាណាចក្រកម្ពុជាបានកំណត់ប្រធានបទ ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ជំងឺអេដស៍ ដែលប្រធានបទនេះបានកំណត់ឡើងមានគោលបំណងគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ឈានទៅសម្រេចបានគោលដៅបញ្ចប់បញ្ហាអេដស៍នៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ២០២៥។
ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍បន្តថា ក្នុងចំណោមបងប្អូនដែលកំពុងផ្ទុកនូវមេរោគអេដស៍ សូមកុំមានការព្រួយបារម្ភ ព្រោះថាក្រុមគ្រូពេទ្យនៅតែបន្តផ្ដល់ថ្នាំ ពន្យារនិងផ្ដល់ឱសថប្រឆាំងមេរោគអេដស៍ និងសេវាថែទាំព្យាបាលជាប្រចាំដែលជាលទ្ធផលបានធ្វើអោយអត្រាមរណភាព ដោយសារជំងឺអេដស៍ធ្លាក់ចុះជារៀងរាល់ឆ្នាំ និងអត្រាចម្លងពីម្ដាយទៅកូននិងសន្ទស្សន៍នៃការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ អ្នកជំងឺអេដស៍មានការថយចុះខ្លាំងជាទីមោទនៈ។ជាចុងក្រោយឯកឧត្តម អ៊ុំ រាត្រី ក៏បានធ្វើការក្រើនរំលឹកដល់បងប្អូនទាំងអស់ទៅទទួលសេវាថែទាំ ពីមណ្ឌលសុខភាពឱ្យបានទៀងទាត់និងសូមជៀសវាងដាច់ខាតកុំចម្លងទៅអ្នកដទៃ និងកុំមានការខ្មាសអៀននឹងរើសអើងខ្លួនឯង ហើយត្រូវប្រញាប់រួសរាន់ទៅទទួលការប្រឹក្សានិងការព្យាបាលឱ្យបានទាន់ពេលវេលា ព្រមទាំងគោរពទៅតាមបញ្ជារបស់គ្រូពេទ្យ។ អំណោយដែលបានយកមកផ្ដល់ជូននាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន ២៥ គីឡូក្រាម ,មីជាតិចំនួន ១កេស ,ត្រីខចំនួន ២យួរ, ប្រេងឆាចំនួន ១ដប ,សាប៊ូម្សៅចំនួន ១ថង់ ,ប្រេងកូឡាចំនួន ១ប្រអប់ ,សារុងចំនួន ១ ,ស្ករសចំនួន ១ថង់ ,អាវយឺតចំនួន ៥អាវ ,ជែលលាងដៃចំនួន ៤ដប ,ទឹកសុទ្ធចំនួន ២យួរ និងថវិកាបន្ថែមមួយចំនួនផងដែរ ៕