ខេត្តព្រៃវែង៖នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់បារាយណ៍ ក្រុងព្រៃវែង បានរៀបចំកិច្ចប្រជុំស្ដីពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល វិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ដោយមានការអញ្ជើញចូលរួមពីលោក ស៊ីន សារៈ ប្រធានគណៈកម្មាធិការគណបក្សក្រុង និងលោក ប៉ាវ សំអាង អនុប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍តំណាងឯកឧត្តម អ៊ុក សិទ្ធជាតិ ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងព្រៃវែង លោក គង់ ស៊ីថា អនុប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍ ព្រមទាំងសមាជិក សមាជីការ សង្កាត់ជាច្រើនរូប។
ថ្លែងនៅក្នុងឱកាសនោះលោក ប៉ាវ សំអាង អនុប្រធានក្រុមការងារចុះជួយសង្កាត់បារាយណ៍តំណាង បានមានប្រសាសន៍ថា អង្គសន្និបាតធ្វើការកត់សំគាល់ប្រកបដោយមោទនភាពចំពោះជោគជ័យ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ ដែលប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែង។ ជោគជ័យនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពចាស់ទុំនយោបាយនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដោយអនុវត្តរបបបោះឆ្នោតពហុបក្ស ជាប់តាមពេលវេលាកំណត់ រក្សាភាពចម្រុះ ខាងនយោបាយ គ្រប់ថ្នាក់តាំងពីថ្នាក់ជាតិដល់មូលដ្ឋាន។
លោក ប៉ាវ សំអាង បន្តថា សន្និបាតបានសម្ដែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ឃុំ សង្កាត់ ទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ធ្វើឲ្យគណបក្សបានទទួលជ័យជំនះដល់ត្រចះត្រចង់ដោយទទួលបានសម្លេងគាំទ្រស្មើនឹង ៧៤,៣២% នៃសំឡេងឆ្នោតបានការ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ៨០,៦៧% និងទទួលតំណែងជាមេឃុំចៅ សង្កាត់ ៩៩,៧៦%។
លោក ប៉ាវ សំអាង បន្តទៀតថា អង្គសន្និបាតបានគាំទ្រយ៉ាងពេញទំហឹង ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីរក្សា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា និងរក្សាអំណាចទិញរបស់ប្រាក់រៀលសំដៅរក្សាលំនិកជីវភាពប្រជាពលរដ្ឋ ក្នុងបរិការណ៍ ត្រូវទទួលរងសម្ពាធពីវិបត្តិប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍អន្តរជាតិ។ ជំរុញការអនុវត្តគោលនយោបាយគាំពារសង្គមជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយសារជំងឺកូវីដ19 ដំឡើងបៀវត្សរបស់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធការកែតម្រូវប្រាក់សោធននិវត្តន៍មន្ត្រីរាជការនិងអតីតយុទ្ធជនការអនុវត្តន៍ប្រាក់សោធនវិវត្តសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ និងដំឡើងប្រាក់ខែឈ្នួលអប្បបរមាដល់កម្មករនិយោជិត។
ក្នុងនោះដែរក៏បានប្រកាស់សម្រេចផ្ទេរលោក ញ៉ែម សៅគ្រី ពីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំពពឹស ស្រុកស្វាយអន្ទរទៅជាអនុប្រធានក្រុមការងារគណបក្សចុះ មូលដ្ឋានក្រុងព្រៃវែង និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់បារាយណ៍ ក្រុងព្រៃវែងផងដែរ៕