ខេត្តប៉ៃលិន៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីវេលាម៉ោងប្រមាណ៨ និង៥៣នាទីយប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសអាសន្ន ជូនដល់ពុកម៉ែបងប្អូនប្រជាពល រដ្ឋទាំងអស់ ដែលមានទីលំនៅ តាមដងស្ទឹងបរយ៉ាខា ត្រូវមានការប្រុងប្រយ័ត្ន ខណ:ភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខាងលើភ្នំ និងទូទាំងខេត្តប៉ៃលិន អស់រយ:ពេលយ៉ាងយូរ បណ្តាលឱ្យទឹកនៅតាមដងស្ទឹងហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ រហូតមកដល់យប់ថ្ងៃដដែលនេះ ដោយសារភ្លៀងនៅបន្តធ្លាក់ ចុះឥតដាច់ ធ្វើឱ្យអាជ្ញាធរខេត្តប៉ៃលិន ជាពិសេសលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត មានការព្រួយបារម្ភចំពោះសុវត្ថិភាពប្រជាពលរដ្ឋរស់នៅក្បែរមាត់ស្ទឹងបរយ៉ាខា និងតាមបណ្តោយដងស្ទឹងដែលហូរចេញពីខេត្តប៉ៃលិនចុះទៅក្រោមតែម្តង។ទើបលោកជំទាវអភិបាលខេត្ត ក៏បានប្រកាសអាសន្ននៅលើទំព័រហ្វេសប៊ុក សូមឱ្យប្រជាពលរដ្ឋទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់ ហើយក៏ត្រៀមកងកម្លាំងប្រដាប់អាវុធតាមឃ្លាំមើលសភាពទឹកស្ទឹង ក្រែងហូរបុកទៅជន់លិចនៅផ្នែកខាងក្រោម ដោយនាំគ្នាត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចលង់ឱ្យទាន់ពេលវេលា។លើសពីនេះ អភិបាលខេត្ត ក៏រំលឹកឱ្យប្រជាពលរដ្ឋត្រៀមរកកន្លែងទីទួលមានសុវត្ថិភាព បើសិនជាករណីភ្លៀងមិនព្រមរាំង ព្រោះជំនន់ទឹកភ្លៀងហូរធ្លាក់មកពីលើភ្នំ ពិតជាមានកម្លាំងខ្លាំងណាស់ អាចនឹងជន់លិចដល់ផ្ទះពួកគាត់ភ្លាមៗតែម្តង។
ជាមួយគ្នានេះដែរទឹកស្ទឹងបរយ៉ាខាហក់ឡើងខ្ពស់ រហូតអូសទាញយករោងខ្យុសប្រជាពលរដ្ឋនៅក្បែរមាត់ស្ទឹងអស់ប្រហែល៤០ទៅ៥០ខ្នង បណ្តាលឱ្យអណ្តែតទៅតាមទឹកទទួលរងការខូចខាត។ ចំណែកមនុស្ស ឬសត្វ មិនមានបញ្ហាគ្រោះថ្នាក់អ្វីកើតឡើងនោះទេ ហើយទឹកស្ទឹងបរយ៉ាខានៅពេលនេះក៏មានការស្រកចុះបន្តិចទៅវិញ៕