
ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣
ខេត្តព្រះសីហនុ៖លោក មាស វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តតំណាង ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឯម ភាព អភិបាលរងខេត្ត តំណាង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២៣ តាមក្រុង ស្រុក ។
គោលបំណងនៃវេទិកា គឺដើម្បីផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តទទួលបាន តាមរយៈការអនុវត្តនូវសកម្មភាពនានា និងធ្វើការពិភាក្សា ពិគ្រោះយោបល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីរកនូវបញ្ហាអាទិភាពសំខាន់ៗ សសម្រាប់យកទៅធ្វើការពិចារណា ដោះស្រាយ និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង។
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត មានសំណួរ និងសំណូមពរសរុបចំនួន ៥០ ក្នុងនោះប្រជាពលរដ្ឋបានលើកឡើងដោយផ្ទាល់ជាសំណួរ និងសំណូមពរចំនួន ១២នាក់ និងលើកតាមរយៈសំបុត្រមានចំនួន៣៨ សំបុត្រ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល និងបកស្រាយពីសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលដែលបានលើកជាសំណូមពរ និងធ្វើការដោះស្រាយនូវសំណូមពរ កង្វល់ និងការពិនិត្យសំបុត្រដែលបានដាក់ចូលក្រុមការងារវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់នាពេលនេះ៕