ខេត្តកណ្តាល៖ ថ្លែងក្នុងវេទិការផ្សព្វផ្សាយ និងនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៣ អាណត្តិទី៥ នៅបរិវេនកីឡដ្ឋានស្រុកកោះធំ ស្ថិតក្នុងឃុំព្រែកថ្មី នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល មានប្រសាសន៍ថា វេទិកាថ្ងៃនេះ គឺជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក រវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ ផ្តល់ប្រឹក្សាយោបល់អំពីអាទិភាពនៃការអភិវឌ្ឍខេត្តសំដៅធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។
ឯកឧត្តម បញ្ចាក់ថា វត្តមានអស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ដែលអាចលើកឡើងនូវមតិយោបល់សំណើ សំណូមពរ និងអនុសាសន៍សម្រាប់កែលម្អដល់ការអភិវឌ្ឍន៍មូលដ្ឋានរបស់ខេត្តយើង ឱ្យកាន់តែប្រសើរឡើង ព្រោះយើងទាំងអស់គ្នាចង់បាននូវការថែរក្សាការពារ និងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ព្រមទាំងការការផ្តល់សេវាសាធារណៈ ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត និងកាន់តែខិតទៅជិតប្រជាពលរដ្ឋ។
លោក ណុប ដារ៉ា អភិបាលរងខេត្ត បានសម្តែងការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកចូលរួមទាំងអស់ សូមចូលរួមលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និងសំណូមពរនានាឱ្យបានច្រើន ដើម្បីក្រុមប្រឹក្សាខេត្ត ធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរទាំងនោះ យកមកធ្វើការពិភាក្សាស្រាយបំភ្លឺ និងឆ្លើយតបជូនវិញ សំដៅឈានទៅធ្វើការកែលម្អ និងដោះស្រាយឱ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
អភិបាលរងខេត្ត បានគួសបញ្ចាក់ថា រាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរដែលបានលើកឡើងក្នុងវេទិកានាថ្ងៃនេះ បើក្នុងករណីដោះស្រាយបានភ្លាមៗ អាជ្ញាធរស្រុក ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាល មន្ទីរពាក់ព័ន្ធ នឹងធ្វើការដោះស្រាយជូនភ្លាមៗ ហើយចំពោះករណីមិនអាចដោះស្រាយបានភ្លាមៗ នោះអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ក្រុមប្រឹក្សា និងគណៈអភិបាល នឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា និងសំណូមពរចោល ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងវេទិកានេះឡើយ ៕