(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ក្នុងករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុចទំនប់ដីស ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយនាំខ្លួនមកសួនាំរនៅមូលដ្ឋានអាវុធហត្ថក្រុង ។
លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ព្រមទាំងដកហូតវត្ថុតាងម៉ូតូ០១គ្រឿង ម៉ាកហុងដា ឃ្លិក ដែលជិះធ្វើសកម្មភាព និងកាបូបពណ៌ខ្មៅចំនួន០១ មានប្រាក់ចំនួន៩,២០០បាត (របស់ជនរងគ្រោះ)។
លោកបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ហេង ប៊ុនធាន (ហៅថាច់) ភេទប្រុស អាយុ២០ឆ្នាំ និងឈ្មោះ នេត ស៊ី ភេទប្រុស អាយុ២៣ឆ្នាំ អ្នកទាំង២មានទីលំនៅបច្ចុប្បន្ន ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ពួកគេមានគ្នាចំនួន៣នាក់ ហើយបានធ្វើសកម្មភាព ជិះម៉ូតូឆក់កាបូបលុយពីជនរងគ្រោះពិតប្រាកដមែន ។ ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងមានវត្ថុតាងផងនោះ ទើបកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២នេះ ។ចំណែកបក្ខពួកម្នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវអនុវត្តតាមនីតិវិធីបន្តទៀត រីឯវត្ថុតាង កាបូប និងលុយទាំងអស់ ត្រូវបាន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយដែរ ៕