ខេត្តបន្ទាយមានជ័យ៖ពិតជាគួរឲ្យសង្វែងខ្លាំងណាស់ស្លាប់ម្តង៣នាក់ក្នុងពេលតែមួយ ខណៈក្មេងស្រីជំទងទាំង៣នាក់ សុំជីដូនទៅរកខ្យងនៅរដូវជំនន់ទឹកភ្លៀង បានរអិលជើងធ្លាក់ប្រឡាយលង់ទឹកនៅវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្នុងប្រឡាយវាលស្រែ ស្ថិតក្នុងភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយ៍ឯក អុឹម ភារៈ អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា៖ជនរងគ្រោះដែលលង់ទឹកស្លាប់ទាំង៣នាក់រួមមាន
១.ឈ្មោះ ស៊ុម សៅរី ភេទស្រី អាយុ១៦ឆ្នាំ ,២.ឈ្មោះ ស៊ុម សៅរ៉ាត់ ភេទស្រី អាយុ១២ឆ្នាំ ,៣.ឈ្មោះ អឿន សោភា ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ។
លោកអធិការបញ្ជាក់ថា៖មុនពេលជនរងគ្រោះលង់ទឹកស្លាប់គឺពួកគេបានសុំយាយទៅរ៉ាវខ្យងនៅវាលស្រែក្នុងចំណោម៤នាក់នៅខាងជើងភូមិចម្ងាយប្រមាណ២០០ទៅ៣០០ម៉ែត្រ ដែលចេញទៅនៅវេលាម៉ោង១ៈ៣០នាទី ក្រោយដើររ៉ាវខ្យងតាមវាលស្រែប្រឡាក់ខ្លួននាំគ្នាទៅលាងនៅប្រឡាយទឹក៣នាក់មាន១នាក់ឈ្មោះ អ៊ុម សៅរី ភេទស្រី អាយុ១៣ឆ្នាំ អង្គុយចាំលើខ្នងប្រឡាយ មាន៣នាក់ចុះលាងខ្លួន បណ្តាលឲ្យរអិលលង់ទឹក ក៏បានរត់ទៅប្រាប់អ្នកភូមិនិងសមត្តកិច្ចបានជួយអន្តរាគមន៍រ៉ាវរកឃើញស្រង់ឡើងគោកបានស្លាប់ទាំង៣នាក់។
លោកវរៈសេនីយ៍ឯក អុឹម ភារៈ បានបញ្ជាក់ទៀតថា៖ប្រឡាយទឹកដែលក្មេងស្រី៣នាក់លង់ទឹកស្លាប់ក្នុងចំណោម៤នាក់ ដែលទៅរ៉ាវខ្យងគឺប្រឡាយនៅខាងជើងភូមិប្រមាណ២០០ទៅ៣០០ម៉ែត្រពីភូមិហើយមានជម្រៅជិត៣ម៉ែត្រ ក្រោយរកឃើញក្មេងស្រីលង់ទឹកស្លាប់ កម្លាំងមន្ត្រីជំនាញពិនិត្យហើយប្រគល់ជូនសាច់ញាតិទទួលធ្វើបុណ្យតាមប្រពៃណីយ៍៕