(ភ្នំពេញ)៖ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសប្រធានបក្សខ្មែរក្រោក ដាក់ពន្ធនាគារកំណត់៩ឆ្នាំ ពាក់ព័ន្ធនឹងអំពើប្លន់ទ្រព្យឧកញ៉ាលក់ឡេតាមអនឡាញ អ៊ាន សៀវម៉ី។
ជាមួយគ្នានេះតុលាការក៏បានសម្រេចផ្ដន្ទាទោសបក្សពួក៧នាក់ទៀតដាក់ពន្ធនាគារក្នុងម្នាក់ៗពី៦ឆ្នាំដល់៨ឆ្នាំ និងបង្គាប់ឱ្យរួមគ្នាសងសំណងដល់ដើមបណ្ដឹងជាប្រាក់ចំនួន៥០ម៉ឺនដុល្លារនិងជំងឺចិត្តចំនួន២០០លានរៀល។ជនជាប់ចោទទាំង៨នាក់ដែលតុលាការផ្ដន្ទាទោសនោះរួមមាន ៖១–ឈ្មោះ សុខ សុវណ្ណវឌ្ឍានាសាប៊ុង ហៅវីលៀម គ័ង អាយុ៤៤ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៩ឆ្នាំ ។
២–ឈ្មោះ គេច ម៉ាច ហៅតឿ ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៦ឆ្នាំ ។
៣–ឈ្មោះ អោ រ៉ាម៉ន ភេទប្រុស អាយុ៣៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ៨ឆ្នាំ ។
៤–ឈ្មោះ សុវណ្ណ រ៉ានុត ហៅណុច ភេទប្រុស អាយុ២៦ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៥–ឈ្មោះ នេត ផៃមុនី ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៦–ឈ្មោះ ខុន វឌ្ឍនៈបូរមី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៧–ឈ្មោះ សុវណ្ណ ស្រីសូរិយាពណ៌ ភេទស្រី អាយុ២៨ឆ្នាំ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ ។
៨–ឈ្មោះ ជួន សុភ័ត្រា ភេទប្រុស ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួនមកអនុវត្តតាមសេចក្ដីសម្រេចរបស់តុលាការ។សាលក្រមនេះសម្រេចបើកផ្លូវប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។
តុលាការបានចោទប្រកាន់ជនដៃដល់ទាំង៨នាក់ពីបទ ៖
១–បទលួចមានស្ថានទម្ងន់ទោស
២–បទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
៣–បទក្លែងឯកសារសាធារណៈ តាមមាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៤៩០ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ៕