(ភ្នំពេញ)៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយរថយន្តដឹកប្រេងក្រុមហ៊ុន SOKIMEX បានបុកម៉ូតូ១គ្រឿង ដែលបើកបរដោយនិស្សិតរៀននៅសាលាពហុបច្ចេកទេសកម្ពុជា ហៅ(សាលាកូរ៉េ) បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេត ។ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនាថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ នៅលើកំណាត់មហាវិថីឈ្នះឈ្នះ ត្រង់ចំណុចផ្លូវឆ្លង ខាងមុខសាលាពហុបច្ចេកទេសកម្ពុជាហៅ(សាលាកូរ៉េ) ស្ថិតក្នុងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះនុត វុឌ្ឍី ភេទប្រុស អាយុ៣០ឆ្នាំ ជានិស្សិតរៀននៅសាលាពហុបច្ចេកទេសកម្ពុជាហៅ(សាលាកូរ៉េ) មានទីលំនៅក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជិះម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហា (YAMAHA) ធុនធំ ពណ៍ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IF-6047 ។ ចំណែករថយន្តដឹកប្រេងក្រុមហ៊ុនSOKIMEX ពណ៍ទឹកប្រាក់ឆ្នូតក្រហមលាយលឿង ពាក់ស្លាកលេខភ្នំពេញ 3B-1069 អ្នកបើកបរពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ បានរត់គេចខ្លួនបាត់ ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះជិះម៉ូតូធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិចចូលសាលារៀនខាងលើ ខណៈនោះរថយន្តបង្កបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែរថយន្តនោះបុកម៉ូតូចំ ចំហៀងរុញផ្ទប់ខឿនសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យនិស្សិតរូបនោះស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្ដង ចំណែកម៉ូតូបានគាបជាប់ក្រោមរថយន្ត។ក្រោយពីវាស់វែងហើយ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕