ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោកជំទាវ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១គ្រួសារ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ស្ថិតនៅសាលាដុនបូស្កូ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
លោក សរ កក្កដា អនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រះសីហនុ បានរាយការណ៍នៃការចែកអំណោយសង្គ្រោះរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាដែលមានជីវភាពខ្វះខាតចំនួន ៣៩១នាក់ មកពីសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ក្នុងនោះសង្កាត់លេខ១ ចំនួន ៨០គ្រួសារ សង្កាត់លេខ២ ចំនួន ៧០គ្រួសារ សង្កាត់លេខ៣ ចំនួន ១៧១គ្រួសារ និងសង្កាត់លេខ៤ ចំនួន ៧០គ្រួសារ។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាន ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកបងប្អូនប្រជាពលរដ្ឋមកពីសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ពិសេសប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចប្រជាពលរដ្ឋនៅទូទាំងប្រទេសដោយមិនមានប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្មាការនយោបាយ គឺធ្វើយ៉ាងណាយើងជួយប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេលវេលា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់ស្បៀងនោះឡើយ។
ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមបានបន្តថា រដូវនេះជារដូវភ្លៀង មានជួបខ្យល់ និងភ្លៀងច្រើនរំខានដល់ការងាររកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ហើយក៏ងាយនឹងកើតនូវជំងឺផ្សេងៗ ពិសេសជំងឺគ្រុនឈាម ព្រោះជំងឺគ្រុនឈាមមិនថាកុមារ សូម្បីតែមនុស្សពេញវ័យ និងមនុស្សចាស់ក៏កើតជំងឺគ្រុនឈាមដូចគ្នា បើសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះទេ និងបានស្នើសុំឱ្យបងប្អូនត្រូវយកចិត្តទុកដាក់អំពីសុខភាពឱ្យបានជាប់ជាប្រចាំ។
ឯកឧត្តម ប្រធាន បានបញ្ចាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានដាក់ចេញនូវកម្មវិធីជាតិគោលនយោបាយគាំពារសង្គម និងថែទាំសុខមាលភាព មានដូចជា ១.ដឹងអំពីសុខភាព ២.មានមូលដ្ឋានគ្រប់គ្រាន់ ៣.ពួកគាត់ដែលមានបណ្ណសមធម៌សុខាភិបាល ទទួលបានអត្ថប្រយោជន៍ពិនិត្យព្យាបាលជូនបងប្អូន រដ្ឋជាអ្នកចេញថវិកា សូមទៅពិនិត្យថែទាំសុខភាពឱ្យបានជាប្រចាំ ទន្ទឹមនោះបញ្ហាគ្រឿងញៀន កំពុងវាយលុកក្នុងសង្គមកម្ពុជារបស់យើង សមត្ថកិច្ចកំពុងធ្វើការបង្ការ បង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ វិធានការចំពោះមុខ អប់រំ ផ្សព្វផ្សាយជាបញ្ហាចំណង ហើយការធ្វើរដ្ឋបាលចំហរជាចំណុចសំខាន់មួយនៅតាមមូលដ្ឋានដែលមានការប្រមូលផ្តុំដោយអនុវត្តវិធានការច្បាប់ និងស្រាវជ្រាវរកប្រភពដើម នៃគ្រឿងញៀន កុំនាំគ្នាទៅប៉ះពាល់គ្រឿងញៀន។
ក្នុងឱកាសនោះឯកឧត្តម ប្រធានសាខាបាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរាចំនួន ៣៩១នាក់ មកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី ១យួរ ត្រីខ១យួរ កន្ទេល១ ឃីត១កញ្ចប់ (មុង១ ភួយ១ សារ៉ុង១ ក្រម៉ា១) និងថវិកា ៥០ ០០០រៀល៕