ព័ត៌មានជាតិ

ឆេះសណ្ឋាគារ “មីង ឌូ ” បង្កការភ្ញាក់ផ្អើលទាំងយប់ នៅជាយដែនក្រុងប៉ោយប៉ែត សំណាងហើយមិនមានអ្នកគ្រោះថ្នាក់

ខេត្តបន្ទាយមានជ័យ:ជាថ្មីម្ដងទៀតនៅទឹកដីជាយដែនក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើលម្នាក់ៗព្រលឹងចុងសក់ ដោយមានអាគ្គីភ័យឆាបឆេះសណ្ឋាគារឈ្មោះ “មីង ឌូ “ដែលមានកម្ពស់រហូតទៅដល់ ៨ជាន់ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យ៉ាងសន្ធរសន្ធៅ កាលពីវេលាម៉ោងប្រមាណ ៩យប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចចម្រុះ មានកម្លាំងនគរបាល អាវុធហត្ថ យោធា និងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវរថយន្តពន្លត់អគ្គីភ័យ បំពង់ពន្លត់អគ្គីភ័យ ជួយអន្តរាគមន៍យ៉ាងស្រស្រាក់ស្រស្រាំ ។

ក្នុងរង្វង់នៃប្រតិបត្តិការចុះជួយអន្តរាគមន៍នោះដែរគេសង្កេតឃើញមានវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបញ្ជារដោយផ្ទាល់ ក្នុងនោះក៏មានការជួយអន្តរាគមន៍ពីថ្នាក់ដឹកនាំខាងភាគីថៃ ដោយនាំមកជាមួយនូវរថយន្តពន្លត់អគ្គីភ័យ បំពង់ពន្លត់អគ្គីភ័យ រថយន្តសង្គ្រោះបន្ទាន់ ព្រមទាំងកម្លាំងអន្តរាគមន៍ពិសេសនាំយកនូវបំពង់ខ្យល់អុកស៊ីសែន ជាប់ជាមួយផងដែរ។

ពាក់ព័ន្ធករណីអគ្គីភ័យឆាបឆេះនេះដែរ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ការឆាប់ឆេះនេះគឺផ្ដើមចេញពីការទុស្សេដុំអ៊ីនធឺណិត(ដុំFiwi) នៅជាន់ទី៨ ជាន់លើគេបង្អស់ ដែលពួកខ្លួនកំពុងប្រើ នៅពេលដែលទុស្សេរចេញជាផ្កាភ្លើងពួកខ្លួនបានយកបំពង់ពន្លត់អគ្គីភ័យបាញ់ តែមិនរលត់ទើបបង្កឲ្យភ្លើងកាន់តែឆាប់ឆេះរីកធំឡើងៗ ធ្វើឲ្យពួកខ្លួនមានការភ័យស្លន់ស្លោ ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

សូមជម្រាបផងដែរថា ករណីអគ្គីភ័យនេះមិនបណ្ដាលឲ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ គ្រាន់តែខូចខាតទ្រព្យសម្បត្តិមួយចំនួនតែប៉ុណ្ណោះ ដោយមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីកម្លាំងសមត្ថកិច្ចចម្រុះនិងអាជ្ញាធរមូលដ្ឋាន ទើបរលត់ជាស្ថាពរនៅវេលាម៉ោងជិត១១យប់ ថ្ងៃខែដដែល ៕

Leave a Reply

Your email address will not be published.