ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរសវនកម្មជាតិ បានបើកសិក្ខាសិលាផ្សព្វផ្សាយច្បាប់ស្ដីពីសវនកម្ម និងស្តង់ដាសវនកម្មសាធារណៈ នៅសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត សួន សិទ្ធី អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ស្ថាប័ន ថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ ជាច្រើនរូបផងដែរ។
នាឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានសំដែងការអបអរសាទរនិងគាំទ្រចំពោះការរៀបចំសិក្ខាសិលាដ៏មានសារៈសំខាន់នេះឡើង ព្រោះថា ច្បាប់នីមួយៗរៀបចំឡើងសិតសឹងតែគោលបំណងបម្រើផលប្រយោជន៍សាធារណៈ និងជាតិទាំងមូល ដូច្នេះឯកឧត្តមបានលើកទឹកចិត្តឱ្យ សិក្ខាកាមដែលបានអញ្ជើញចូលរួមនៅក្នុងពិធីនេះទាំងអស់ សូមយកចិត្តទុកដាក់ត្រង់ស្ដាប់រាល់ខ្លឹមសារទាំងឡាយដែលលើកយកមកទេសនាមផ្សព្វផ្សាយក្នុងអង្គសិក្ខាសិលានេះ និងសូមសួរនូវសំណួរពាក់ព័ន្ធផ្សេងៗដែលមានការងឿងឆ្ងល់ ដើម្បីឲ្យយល់ច្បាស់អំពីខ្លឹមសារច្បាប់សវនកម្ម និងស្តង់ដាសវនកម្មសាធារណៈនេះ ។
ជាមួយគ្នានោះដែរឯកឧត្តម បណ្ឌិត សួន សិទ្ធី អគ្គសវនកររង នៃអាជ្ញាធរសវនកម្មជាតិ បានថ្លែងអរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានសម្របសម្រួលឱ្យក្រុមការងាររៀបចំពិធីនេះឡើង និងបានរាយការណ៍អំពីស្ថានភាពភូមិសាស្ត្រ ក៏ដូចជាការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យទាំងមូល ពិសេសបានលើកឡើងនូវមតិផ្ដាំផ្ញើដល់សិកាមដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសិលា ឲ្យយកចិត្តទុកដាក់ត្រង់ស្ដាប់នូវទេសនាមនៃផ្សព្វផ្សាយច្បាប់ស្ដីពីសវនកម្ម និងស្តង់ដាសវនកម្មសាធារណៈនាពេលនេះ។
ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា គោលបំណងនៃការបើកសិក្ខាសិលានេះឡើង គឺដើម្បីផ្សព្វផ្សាយឱ្យបានយល់កាន់តែច្បាស់អំពីខ្លឹមសារនៃច្បាប់សវនកម្ម និងស្តង់ដាសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា និងមានគោលដៅបញ្ជ្រាប បង្កើនការយល់ដឹងអំពីតួនាទី និងភារកិច្ចសវនកម្មផ្ទៃក្រៅរាជរដ្ឋាភិបាល ដែលអនុវត្តមុខងារនេះដោយអាជ្ញាធរសវនកម្មជាតិ ជូនដល់មន្ត្រីរាជការដែលបំពេញការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីទទួលបានការគាំទ្រ និងកិច្ចសហការកាន់តែល្អប្រសើរ។ យន្តការនេះនឹង ជួយអាជ្ញាធរសវនកម្មជាតិអនុវត្តការងារសវនកម្មប្រកបដោយគុណភាពខ្ពស់ ក្នុងការសម្រេចគោលបំណងធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធាន ទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើន ជំនឿទុកចិត្តពីប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេស នាមនៃអាជ្ញាធរសវនកម្មជាតិ បានធ្វើបទឧទ្ទេសនាម «ច្បាប់ស្ដីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» ដោយកំណត់លើ៤ចំណុចសំខាន់ៗ រួមមាន៖ ទី១–សាវតាស្ថាប័ន អាជ្ញាធរសវនកម្មជាតិ ,ទី២–ហេតុអ្វីត្រូវមានច្បាប់ស្ដីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ,ទី៣–ខ្លឹមសារ នៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ទី៤–ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រ កម្ពុជា ជូនដល់មន្ត្រីរាជការ និងកងម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីថ្នាក់ក្រុង/ស្រុក សង្កាត់/ឃុំ ទាំងអស់ ចំណុះរដ្ឋបាលខេត្តបន្ទាយមានជ័យ៕