
ក្រុមហ៊ុនចិន DANONG ជួបប្រជុំពិភាក្សាជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (ស.ស.ក.ក) អំពីគម្រោងវិនិយោគលើវិស័យកសិកម្មដ៏ធំនៅកម្ពុជា!
(ខេត្តកំពង់ធំ)៖នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រតិភូក្រុមហ៊ុនចិន Danong Agricultural Development បានជួបប្រជុំពិភាក្សាជាមួយសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (សសកក)ដើម្បីពិភាក្សាក្នុងការវិនិយោគលើគម្រោងកសិ–ឧស្សាហកម្ម ពាណិជ្ជកម្ម ដ៏ធំនៅក្នុងប្រទេសកម្ពុជា។
ក្នុងពិធីនោះដែរឯកឧត្តម ដួង តារា ជាអធិបតីដ៏ខ្ពង់ខ្ពស់ និងមានការចូលរួមពីសមាជិករបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាជាង៦០០នាក់ រួមទាំងប្រតិភូតំណាងក្រុមហ៊ុនចិនដែលមកពីក្រុមហ៊ុនចំនួន១០ផងដែរ។
សូមបញ្ជាក់ថា សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជាមានសហគមន៍ដែលជាសមាជិកចំនួន ១,២៥២ ទូទាំងប្រទេសកម្ពុជា ដែលមានលោកឧកញ៉ា ហង់ សុគន្ធ ជាប្រធានក្រុមប្រឹក្សាភិបាល។ដោយក្នុងឱកាសនោះលោកឧកញ៉ាក៏សង្ឃឹមយ៉ាងមុតមាំចំពោះសមាជិកទាំងអស់ចូលរួមជួយគិត ជួយធ្វើ ដើម្បីឲ្យដំណើរការនៃការចូលរួមជាមួយនឹងក្រុមហ៊ុន Danong ទទួលបានជោគជ័យ និងតម្លាភាព។
លោក Zhao Shujie ប្រធានក្រុមហ៊ុន Danong ក៏បានប្ដេជ្ញាចិត្ត និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការគម្រោងយក្សនេះនឹងទទួលបានជោគជ័យដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈគម្រោងវិនិយោគលើវិស័យកសិ–ឧស្សាហកម្ម បែបទំនើប។
ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ អបអរសាទរចំពោះក្រុមហ៊ុន Danong ដែលចំណាយត្រឹមតែរយៈពេលខ្លីដើម្បីសិក្សាពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងសម្រេចចិត្តក្នុងការចុះបញ្ជីពាណិជ្ជកម្ម ព្រមទាំងចុះកិច្ចព្រមព្រៀងសហការជាមួយដៃគូដោយទំនុកចិត្ត។
បន្ទាប់ពីបានជួបប្រតិភូរបស់ក្រុមហ៊ុន Danong និងឯកឧត្តម ដួង តារា ធ្វើឱ្យសមាជិកដែលបានចូលរួមទាំងអស់មានភាពកក់ក្តៅ និងជឿជាក់ថាពួកគាត់នឹងអាចមានជីវភាពល្អប្រសើរ ជាមួយគម្រោងនេះ។ ក្នុងពិធីនោះក៏មានការផ្ដល់ជូននូវគ្រាប់ពូជ និងទិន្នផលកសិកម្មដែលសម្រេចបានដល់គ្នាទៅវិញទៅមករវាងក្រុមហ៊ុន និងសមាជិកសម្ព័ន្ធសហគមន៍។
ក្រោយពីបញ្ចប់កម្មវិធីនាព្រឹកនេះក្រុមហ៊ុន Danong រួមទាំងប្រតិភូទាំងអស់ក៏បានបន្តទៅទស្សនកិច្ចតាមការណាត់ជួបនីមួយៗនៅក្នុងខេត្តកំពង់ធំបន្តទៀតផងដែរ៕