ខេត្តប៉ៃលិន៖នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ឃុំ–សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ–សង្កាត់ ទូទាំងខេត្តប៉ៃលិន ។ពិធីនេះ បានធ្វើឡើងនៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណ:អភិបាលខេត្តប៉ៃលិន ប្រធានក្រុមប្រឹក្សាស្រុក/ក្រុង លោកអភិបាល អភិបាលរងក្រុង/ស្រុក ប្រធានក្រុមប្រឹក្សាឃុំ/សង្កាត់ លោកមេឃុំ/ចៅសង្កាត់ និងមេភូមិជាច្រើននាក់ផងដែរ។
ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៤ បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តប៉ៃលិនក្រោមការដឹកនាំរបស់លោកជំទាវ បានស្រីមុំអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់រៀបចំអភិវឌ្ឍកន្លែងធ្វើការងារ ជាពិសេសគឺសាលប្រជុំតែម្តង មានលក្ខណ:ស្តង់ដារ មើលទៅគឺស្រស់ស្អាត ហើយស្ទើរតែគ្រប់ផ្នែកទាំងអស់មានការរីកចម្រើន ដោយរៀបចំតុបតែងប្លែកភ្នែក មើលទៅឃើញមានលក្ខណៈទំនើបតែម្តង។ អភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធមានភាពស្រស់បំប្រងគួរឲ្យគយគន់ប្រែក្លាយជាខេត្តមួយដ៍ទាក់ទាញសំរាប់ភ្ញៀវទេសចរ។
ឯកឧត្តម ក៏បានណែនាំ ពីរបៀបថ្នាក់ដឹកនាំមូលដ្ឋាន ជាពិសេសមេភូមិ មេឃុំ/ចៅសង្កាត់ ដែលនៅជាប់ផ្ទាល់ជាមួយប្រ ជាពលរដ្ឋ ត្រូវណែនាំឱ្យពួកគាត់ មានឯកសារគ្រប់គ្រាន់ ដូចជាសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ លិខិតអាពាហ៍ពិពាហ៍។លើសពីនេះ ក្រោយពេលកូនចៅសម្រាលរួច ត្រូវណែនាំឱ្យអាណាព្យាបាលរៀបចំចុះក្នុងបញ្ជីអត្រានុកូលដ្ឋាន និងណែនាំដល់យុវជនគ្រប់អាយុឱ្យនាំគ្នាធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីត្រៀមខ្លួនចូលរួមបោះឆ្នោតនាថ្ងៃខាងមុខ ។
ណែនាំបន្ថែម ឱ្យមន្រ្តីនៅតាមមូលដ្ឋានទាំងអស់ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍឃុំ/សង្កាត់ ឱ្យមានការរីកចម្រើន និងអនុវត្តគោ លនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពផងដែរ។
ជាមួយគ្នាលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានធ្វើរបាយការណ៍សង្ខេបឱ្យដឹងថា៖ ក្រោយពីបានធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២រួចរាល់ គឺធ្វើឡើងយ៉ាងរលូនតាមលទ្ធិប្រជាធិបតេយ្យ ដោយគ្មានការបង្ខិតបង្ខំ ពោលគឺប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតដោយស្ម័គ្រពីចិត្ដ ហើយនៅខេត្តប៉ៃលិនទទួលបានលទ្ធផលល្អប្រសើរ ។ លោកជំទាវ បានលើកឡើងពីបញ្ហាប្រជាពលរដ្ឋចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ និងការផ្លាស់ទីលំនៅជាដើម ជាពិសេសកាលពីមុនការកែឈ្មោះក្នុងសំបុត្រកំណើត មានការលំបាកខ្លាំង តែដោយសារការកែសម្រួលច្បាប់របស់រដ្ឋាភិបាលធ្វើឱ្យកាន់តែមានភាពងាយស្រួលជាងមុន។
លោកជំទាវក៏បានលើកឡើងពីបញ្ហាប្រឈមនានា និងការដោះស្រាយរវាងភូមិឧបសម្ព័ន្ធ គឺភូមិភ្នំដំបង ជាមួយនឹងភូមិមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយសូមឱ្យថ្នាក់លើជួយសម្របសម្រួលឱ្យបានឆាប់រហ័ស ខណ:ដែលប្រជាពលរដ្ឋមានឈ្មោះនៅក្នុងខេត្តប៉ៃលិន តែទីតាំងភូមិសាស្ត្ររស់នៅលើទឹកដីខេត្តបាត់ដំបង។
លោកជំទាវអភិបាលខេត្ត បានស្នើសមាជិក សមាជិកា ក្នុងអង្គពិធីទាំងមូលឱ្យនៅបន្តចូលរួមក្នុងការការពារទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ និងវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រុងប្រយ័ត្ននឹងជម្ងឺអុតស្វា ដែលកំពុងកើតមានឡើងនៅប្រទេសជិតខាងរបស់យើងសព្វថ្ងៃនេះ ៕