(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូច ថ្មើរជើងលេខ៥១ នាថ្ងៃសុក្រ ៩ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញចុះពិនិត្យ លំហាត់យុទ្ធដំណើរទ័ព បញ្ជប់វគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ ចំណុះឲ្យ កងពលតូច ថ្មើរជើងលេខ៥១ វគ្គហ្វឹកហ្វឺននេះបានចាប់ផ្តើមបើកវគ្គកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ មានរយះពេល ៦១ថ្ងៃ ។
សូមបញ្ជាក់ផងដែរថា លំហាត់យុទ្ធដំណើរទ័ពនេះ មានចំងាយ ៧១គីឡូម៉ែត្រ ក្នុងនោះធ្វើដំណើរចល័តដោយរថយន្តចំងាយ ៥១គីឡូម៉ែត្រ និងចល័តដោយថ្មើរជើង ចំងាយ ២១គីឡូម៉ែត្រ និងធ្វើលំហាត់ចល័តវាយលុក ក្នុងភូមិសាស្រ្ត ទីលានបាញ់គ្រាប់ពិត កងពលតូចថ្មើរជើងលេខ៥១ ភ្នំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានមានប្រសាសន៍បញ្ជាក់ ស្ថិតនៅក្នុងកាលៈទេសៈប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ គឺជាឱកាសមាស សំរាប់កងទ័ពធ្វើការហ្វឹកហ្វឺន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី កងទ័ពឲ្យបានស្ទាត់ជំនាញ ធានាបានទាំងបរិមាណ គុណភាព ធានាបាននូវតួនាទីភារកិច្ច ការពារជាតិមាតុភូមិ និងប្រជាជន។
ក្នុងឱកាសនោះដែរ លោកមេបញ្ជការរងនាយសេនាធិការ បានគូសបញ្ជាក់ថា ក្រុមការងារហ្វឹកហ្វឺនត្រូវត្រួតពិនិត្យវាយតម្លៃឲ្យបានច្បាស់លាស់ ចំពោះសិក្ខាកាម ដែលទទួលបាននិទ្ទេសល្អ ត្រូវផ្តល់នូវ ប័ណ្ណសរសើរ លិខិតសរសើរ ប្រកបដោយ តម្លាភាព ដើម្បីកសាងពង្រឹងគុណភាពនាយទាហានបន្តវេន។
ក្រៅពីហ្វឹកហ្វឺនពង្រឹងសមត្ថភាព ត្រូវត្រៀមអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង ទាំងកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះ ដោយគ្រោះមហន្តាយធម្មជាតិផ្សេងៗ ឲ្យបានទាន់ពេលវេលាផងដែរ។ជាពិសេសត្រូវបន្តយកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ការឆ្លងរីករាលដាល ជំងឺកូវីដ–១៩ តាមវិធានការសុខាភិបាល និងវិធានការ ៣ការពារ និង ៣កុំ ឲ្យបានជាប្រចាំផងដែរ ៕